(ម៉ូស្គូ)៖ កីឡាករសរុបចំនួន ៧៣៦នាក់ មកពី៣២ប្រទេស (២៣នាក់ក្នុង១ក្រុម) ក្នុងនោះមាន១០រូបបានបង្ហាញពីទេពកោសល្យ និងភាពលេចធ្លោជាខ្លាំងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះដែលទើបបញ្ចប់ទៅថ្មីៗនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បើទោះបីជាពួកគេមិនបានឈ្នះពានណាមួយក្នុងព្រឹត្តិការណ៍ដ៏មហា អស្ចារ្យខាងលើក៏ដោយ តែសមត្ថភាពរបស់ពួកគេបានបង្ហាញឲ្យពិភពលោកបានស្គាល់ និងកំពុងមានក្លឹបធំៗមួយចំនួន ចាប់អារម្មណ៍ផងដែរ បន្ថែមលើប្រាក់នឿយហត់ក្នុងក្លឹបក៏មានការកើនឡើងទៀតផងដូចពាក្យមួយតែងតែនិយាយថា «កីឡាករណាបានលេងនៅ World Cup ប្រៀបបីដូចជាបានកើបលុយអីចឹង»

១៖ កីឡាករខ្សែបម្រើ Aleksandr Golovin របស់ក្រុមជម្រើសជាតិរុស្ស៊ី វ័យ២២ឆ្នាំ កំពុងលេងឲ្យក្លឹប CSKA Moscow កំពុងតែត្រូវបានក្លឹបអង់គ្លេស Arsenal និង Chelsea ទាក់ទង ខណៈ Juventus របស់អ៊ីតាលី ក៏បង្ហាញការ ចាប់អារម្មណ៍ដូចគ្នា។

 

២៖ កីឡាករខ្សែបម្រើប្រយុទ្ធ Hakim Ziyerch នៃក្រុមជម្រើសជាតិម៉ារ៉ុក វ័យ២៥ឆ្នាំ កំពុងលេងឲ្យក្លឹបហូឡង់ Ajax Amsterdam កំពុងត្រូវបានក្លឹបអង់គ្លេស Liverpool និង AS Roma របស់ប្រទេសអ៊ីតាលីទាក់ទង។

៣៖ កីឡាករខ្សែការពារ Benjamin Pavard នៃក្រុមជម្រើសជាតិមាន់គកបារាំង វ័យ២២ឆ្នាំ កំពុងលេងឲ្យក្លឹប Stuttgart របស់អាល្លឺម៉ង់ កំពុងត្រូវបានក្លឹបអង់គ្លេស Tottenham Hotspur, Mnachester City និង Arsenal គ្រាដែល Bayern Munich របស់អាល្លឺម៉ង់ ក៏ចង់បានដូចគ្នា។

៤៖ កីឡាករខ្សែបម្រើស្លាប Andre Carrillo នៃក្រុមជម្រើសជាតិប៉េរូ មានវ័យ២៧ឆ្នាំ លេងឲ្យក្លឹបព័រទុយហ្គាល់ ដែលកំពុងត្រូវបានក្លឹបអង់គ្លេស Everton និង Fulham ទាក់ទង។

 

៥៖ កីឡាករខ្សែប្រយុទ្ធ Ahmed Musa នៃក្រុមជម្រើសជាតិនីហ្សេរីយ៉ា វ័យ២៥ឆ្នាំ លេងឲ្យក្លឹប Leicester City របស់អង់គ្លេស កំពុងត្រូវបានក្លឹប Galatasaray នៃប្រទេសតួកគី និងក្លឹប Al Nassr ទាក់ទង។

 

៦៖ កីឡាករខ្សែបម្រើស្លាប Hirving Lozano នៃក្រុមជម្រើសជាតិមិចស៊ិក វ័យ២២ឆ្នាំ លេងឲ្យក្លឹបហូឡង់ PSV Eindhoven ដែលកំពុងត្រូវបានក្លឹបអង់គ្លេស Manchester United និង Spurs ជាមួយនឹងក្លឹប២នៃប្រទេសអេស្ប៉ាញ Barcelona និង Real Madrid ចង់បានផងដែរ។

 

៧៖ កីឡាករចាំទី Cho Hyun-woo នៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ២៦ឆ្នាំ កំពុងលេងឲ្យក្លឹប Daegu កំពុងត្រូវបានក្លឹបអង់គ្លេស Liverpool ចាប់អារម្មណ៍។

 

៨៖ កីឡាករខ្សែការពារ Harry Maguire នៃក្រុមជម្រើសជាតិអង់គ្លេស វ័យ២៥ឆ្នាំ លេងឲ្យក្លឹបអាជីព Leicester City ដែលកំពុងត្រូវបានក្លឹបក្នុងស្រុក Tottenham, Man City, Man Utd, Liverpool និង Chelsea ទាក់ទង។

៩៖ កីឡាករខ្សែបម្រើប្រយុទ្ធ Moussa Wague នៃក្រុមជម្រើសជាតិសេណេហ្គាល់ វ័យ១៩ឆ្នាំ លេងឲ្យក្លឹប Eupen ដែលកំពុងត្រូវបានក្លឹបអ៊ីតាលី Napoli ចាប់អារម្មណ៍។

 

១០៖ កីឡាករខ្សែការពារ Yerry Mina នៃក្រុមជម្រើសជាតិកូឡុំប៊ី វ័យ២៣ឆ្នាំ លេងឲ្យក្លឹបអេស្ប៉ាញ FC Barcelona ដែលកំពុងត្រូវបានក្លឹបអង់គ្លេស Everton, West Ham United, Tottenham និង Liverpool ទាក់ទង៕