(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការបិទបេសកកម្មពាណិជកម្មក្នុងទីក្រុងម៉ូស្គូ ហើយបានអំពាវនាវឱ្យទីក្រុងប៉ារីស គិតគូរឡើងវិញពីការអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារ សប្ដាហ៍នេះយ៉ាងដូច្នេះថា «ការសម្រេចចិត្តបិទបេសកកម្មពាណិជ្ជកម្មប្រចាំទីក្រុងម៉ូស្គូ គឺជាការសិទ្ធិផ្នែកអធិបតេយ្យភាពរបស់បារាំង... ដូច្នេះយើងមានតែសោកស្ដាយតែប៉ុណ្ណោះ ដែលបារាំងមិនបានស្ដាប់អនុសាសន៍របស់យើង»។
គួរជម្រាបថា ស្ថានទូតបារាំងប្រចាំប្រទេសរុស្ស៊ី បានប្រកាសពីការបិទបេសកកម្មពាណិជ្ជកម្ម ក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ដោយសំអាងថា ការរកស៊ីរបស់បារាំងនៅរុស្ស៊ីកំពុងស្ថិតនៅក្នុង ស្ថានភាពដ៏អាក្រក់ ក្រោយការបិទគណនីធនាគារ និងការបណ្ដេញនាយកបេសកកម្មបារាំង លោក Pierric Bonnard ចេញពីទីក្រុងម៉ូស្គូ។ ចំណែកឯការបណ្ដេញលោក Bonnard ចេញពីប្រទេសរុស្ស៊ី ត្រូវបានគេមើលឃើញថា គឺជាចេតនាសងសឹកនឹងការបណ្ដេញមន្ត្រីទូតរុស្ស៊ីដោយអាជ្ញាធរបារាំង ជុំវិញការបំពុលសម្លាប់ អតីតចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកលើទឹកអង់គ្លេស៕