(អាមេរិក)៖ ការបន្តផ្ទុះជះកម្អែរភ្លើង​ឥតស្រាកស្រាន្ត​របស់ភ្នំ​កាឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ បានផ្តល់កំណើត​ដល់កូនកោះថ្មីតូច​មួយ នៅក្បែរនឹង​​មាត់ឆ្នេរ ដែលក្រោយ​មកក៏បានរលាយបាត់​ទៅវិញ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS កូនកោះខាងលើ​ដែលមានប្រវែង​ចន្លោះពី ០៦ម៉ែត្រ ទៅ ០៩ម៉ែត្រ ត្រូវបានបង្កើតឡើង​​ដោយកម្អែរ​ភ្នំភ្លើង Kilauea និងបានបង្ហាញខ្លួន​ នៅចម្ងាយតែប៉ុន្មាន​ម៉ែត្រប៉ុណ្ណោះ​ពីមាត់ឆ្នេរសមុទ្រនៅភាគខាងជើង​កោះហាវ៉ៃ។ យ៉ាងណាមិញ​បន្តិចក្រោយមក កោះតូចមួយនេះ ក៏បានរលាយ​បាត់ស្រមោល​ទៅវិញ។

គួរជម្រាបថា ភ្នំភ្លើង Kilauea ដែលសកម្ម​ និងមានអាយុកាលតិច​ជាងគេបង្អស់លើ​លោកនោះ បាននិងកំពុងបន្ត​ផ្ទុះស្ទើរតែគ្មានឈប់​​ឈរ ចាប់តាំងពីដើមខែឧសភាមក ​និងបានលេបត្រដាក់​លំនៅឋានអស់​រាប់រយខ្នង ហើយនាដើម​សប្តាហ៍នេះ ដុំកម្អែរភ្លើង​ពី Kilauea បានធ្លាក់ចំលើទូក​ទេសចរណ៍មួយគ្រឿង​ថែមទៀតផង ដែលបានបង្ក​ឲ្យមនុស្ស ២៣នាក់រងរបួស៕