(កង់បេរ៉ា)៖ រដ្ឋបាលនៃរដ្ឋ​អូស្រ្តាលី​ខាងត្បូង បាននិងកំពុង​ជម្រុញឲ្យខ្លួន​អាចការទទួលយក​​ជន​អន្តោ​ប្រវេសន៍​ច្រើនជាងមុន ក្រោម​គោលដៅ​លើកកម្ពស់កំណើន​​ប្រជាជន​​នៅក្នុងរដ្ឋ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ស្ទេវិន ម៉ាហ្សល (Steven Marshall) ដែលជាមេដឹកនាំ​នៃរដ្ឋ South Australia បានបង្ហើបឲ្យ​ដឹងថា រូបលោកបានបញ្ចុះ​បញ្ចូលរដ្ឋាភិបាល​សហព័ន្ធ​ ដើម្បីទទួល​បានឋានៈជារដ្ឋ​អន្តោប្រវេសន៍ ដើម្បីទប់ទល់​នឹងអត្រាកំណើន​ប្រជាជនជន ដែលបាន​ជាប់គាំង​របស់រដ្ឋ។ ការប្រកាសឲ្យ​​ដឹងរបស់​លោក Marshall ត្រូវបានធ្វើឡើង​បន្ទាប់ពីរដ្ឋ​វីកតូរៀ (Victoria) បាន​អះអាងថា កំណើនប្រជាជន​យ៉ាងឆាប់រហ័ស​​របស់ទីក្រុង​​មែលប៊ន (Melbourne) បាននិងកំពុង​ធ្វើឲ្យទីក្រុងណែន​តាន់តាប់​ជាខ្លាំង។

លោក Marshall ដែលបានជាប់​ឆ្នោតជាមេដឹកនាំរបស់​រដ្ឋអូស្រ្តាលីខាងត្បូង កាលពីខែមីនា​កន្លងទៅ ក៏បានប្រើប្រាស់​ជំនួបលើកដំបូង​របស់លោក ជា​មួយ​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក ម៉ាខូម ធើនប៊ូល (Malcolm Turnbull) ដើម្បីលើកឡើង​ពីបញ្ហានេះ​ផងដែរ។ បើតាម​លោក Marshall ​សព្វថ្ងៃ​អូស្រ្តាលី កំពុងដើរលើ​ជំហានសេដ្ឋកិច្ចប្រកបដោយល្បឿនលឿន បើនិយាយ​អំពីចំនួន​ប្រជាជន ដោយ​កន្លែងខ្លះ​កំពុងជួបប្រទះ​បញ្ហា ដោយសារ​​​កំណើនប្រជាជនច្រើន​សន្ធឹកសន្ធាប់ និងតំបន់ខ្លះទៀត​នៅក្នុងតំបន់ កំណើនប្រជាជន​មានអត្រា​ទាបខ្លាំង។

គួរជម្រាបថា ចំនួនប្រជាជន​នៃប្រទេស​អូស្រ្តាលី​ត្រូវគេរំពឹងថា នឹងកើនដល់ ២៥លាននាក់ នៅខែសីហា​ខាងមុខ ពោលគឺ​លឿន​​ជាង​ការ​ព្យាករណ៍កាល​ពីពេល​កន្លងទៅ។ ដោយឡែក​រដ្ឋ South Australia ចាប់តាំងពី​ឆ្នាំ២០១២មក តែងតែមានកំណើន​ប្រជាជនទាប និងយឺត​យ៉ាវជាងរដ្ឋដីគោក​ដទៃៗទៀត​របស់​អូស្រ្តាលី៕