(ចិន)៖ ធនាគារកណ្តាលរបស់ប្រទេសចិន កំពុងហាមឃាត់ការអនុវត្តរបស់អាជីវកម្មនានា ដែលបដិសេធមិនព្រមទទួលយកការទូទាត់ជាសាច់ប្រាក់ ដែលការហាមឃាត់នេះ គឺដើម្បីធ្វើយ៉ាងណាជួយបន្ថយល្បឿននៃការឈានទៅរក «សង្គមគ្មានក្រដាស់ប្រាក់»

ការទូទាត់ដោយប្រើ ប្រាក់ឌីជីថល កំពុងមានប្រជាប្រិយភាពក្នុងប្រទេសចិន ជាមួយនឹងការរីកដុសដាល នៃសហគមន៍អ្នកប្រើប្រាស់ ដែលទូទាត់តាមកម្មវិធីផ្សេងៗ ដូចជា WeChat Pay, Alipay និងកម្មវិធីផ្សេងៗទៀត ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែមានអតិថិជនជាច្រើន ក៏កំពុងធ្វើការរិះគន់ជុំវិញការបដិសេធការទូទាត់ ដោយប្រើក្រដាសប្រាក់ នៅតាមទីកន្លែងនានា ដូចជានៅតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និងហាងលក់ទំនិញជាច្រើនផ្សេងទៀត។

បញ្ហានេះបានធ្វើឲ្យប៉ះពាល់ ដល់ស្ថានភាពផ្នែកច្បាប់នៃរូបិយប័ណ្ណ ប្រាក់យ័នរបស់ចិន និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការជ្រើសរើសវិធីសាស្ត្រក្នុងការទូទាត់។ នេះបើយោងតាមសេចក្តីប្រកាស របស់ធនាគារប្រជាជនចិន នាសប្តាហ៍មុន។

សេចក្តីប្រកាសបានចង្អុលបង្ហាញថា ទាំងស្ថាប័នធនាគារ និងស្ថាប័នទូទាត់ប្រាក់ដែលមិនមែនជាធនាគារ ត្រូវបានតម្រូវឲ្យបញ្ឈប់ការអូសទាញ អង្គភាពអាជីវកម្ម និងបុគ្គលនានា មានការរើសអើងចំពោះការទូទាត់ជាសាច់ប្រាក់ ហើយត្រូវធ្វើការកែតម្រូវ ចំពោះការអនុវត្តបែបនេះក្នុងរយៈពេលមួយខែ។

ការទូទាត់ប្រាក់ឌីជីថល អាចជាលក្ខខណ្ឌតម្រូវក្នុងករណី ដែលហាងទំនិញមិនមានប្រើបុគ្គលិក ហើយមានការព្រមព្រៀងពីអតិថិជន ក្នុងការទូទាត់តាមវិធីនេះតែប៉ុណ្ណោះ។

ធនាគារកណ្តាលរបស់ប្រទេសចិន បាននិយាយថា នៅពេលធ្វើការផ្សព្វផ្សាយពីការទូទាត់ប្រាក់ឌីជីថល គ្រឹះស្ថានអាជីវកម្មនានា មិនគួរធ្វើការផ្សព្វផ្សាយហួសប្រមាណអំពីទស្សនទានស្ដីពី «ការមិនប្រើក្រដាសប្រាក់» នោះទេ៕ (សារព័ត៌មាន CCTV របស់ចិន)