(ម៉ូស្គូ)៖ ក្រសួងការពារជាតិអាមេរិក បានស្នើឱ្យសភាទម្លាក់កញ្ចប់ថវិកាជាង ២០លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ «អាវុធដែលអាចវាយប្រហារ លឿនជាងសំឡេងរបស់វា ០៥ដង» សម្រាប់បំពាក់ឱ្យកងទ័ពអាកាសអាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bloomberg ដកស្រង់ដោយ Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន Bloomberg ក្រសួងការពារជាតិអាមេរិក ក៏នឹងស្នើផងដែរនូវកញ្ចប់ថវិកា ៦៥លានដុល្លារ សម្រាប់ការធ្វើតេស្ដបាញ់សាកល្បងអាវុធលឿនជាងសំឡេងដោយកងទ័ពជើងគោក ដែលអាចនឹងធ្វើឡើងលឿនជាងការពឹងទុក។ «អាវុធលឿនជាងសំឡេងនឹងមិនមែនជាអត្ថប្រយោជន៍ ដែលយើងអាចផ្ដល់ឱ្យមនុស្ស ដែលចង់ធ្វើជាសត្រូវរបស់យើងនោះទេ... ហើយអ្នកនឹងបានឃើញពីសមត្ថភាពរបស់វា យ៉ាងយូរនៅដើមឆ្នាំ២០២០»។ នេះគឺជាការបញ្ជាក់របស់មន្ត្រីស្រាវជ្រាវសព្វាវុធ នៃមន្ទីរបញ្ចកោណលោក ម៉ៃខឺល ហ្គ្រីហ្វីន (Michael Griffin)។
គួររំលឹកថា សេចក្ដីរាយការណ៍ពីការស្នើសុំកញ្ចប់ថវិការបស់ក្រសួងការពារជាតិអាមេរិក កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានឱ្យដឹងថា យន្ដហោះចម្បាំងរុស្ស៊ី MiG-31 បានធ្វើតេស្ដបាញ់មីស៊ីលលឿនជាង សំឡេងឈ្មោះ Kinzahl ដោយជោគជ័យជាមួយការបាញ់ចំគោលនៅចំងាយ ៨០០គីឡូម៉ែត្រ ពីយន្ដហោះចម្បាំង៕