(វ៉ាស៊ីនតោន)៖ តារាវិទូបានរកឃើញវត្តមានព្រះច័ន្ទថ្មីថែមទៀត ដែលនៅវិលជុំវិញភពព្រហស្បតិ៍ (Jupiter) ក្នុងនោះមាន ១១ ជាព្រះច័ន្ទធម្មតាៗដែលនៅដែនខាងក្រៅ និងមួយទៀតមានលក្ខណៈចម្លែកពីគេ។ ប្រការនេះធ្វើឲ្យចំនួនព្រះច័ន្ទ ដែលគេបានដឹងថាមាននៅជុំវិញភពឧស្ម័នយក្សនេះឡើងដល់ ៧៩ព្រះច័ន្ទ គឺជាចំនួនច្រើនគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមតារាវិទូដែលដឹកនាំដោយលោក Scott S. Sheppard នៃវិទ្យាស្ថានវិទ្យាសាស្រ្ត Carnegie បានប្រទះឃើញក្រុមព្រះច័ន្ទខាងលើ កាលពីឆ្នាំ២០១៧ ហើយអ្នកវិទ្យាសាស្រ្តមួយរូបទៀតឈ្មោះលោក Gareth Williams បានប្រើប្រាស់លទ្ធផលសង្កេតរបស់ក្រុមតារាវិទូនេះ ដើម្បីគណនាគន្លងរបស់ក្រុមព្រះច័ន្ទថ្មីនេះ។ លោក Williams បានឲ្យដឹងថា វាត្រូវការការសង្កេតជាច្រើនលើក ដើម្បីផ្ទៀងផ្ទាត់ឲ្យប្រាកដថា វត្ថុមួយពិតជាកំពុងធ្វើគោចរជុំវិញ Jupiter ដូច្នេះហើយដំណើរការទាំងមូលបានចំណាយពេលដល់ទៅមួយឆ្នាំ។
បើតាមវិទ្យាស្ថានវិទ្យាសាស្រ្ត Carnegie ព្រះច័ន្ទចំនួន ០៩ ក្នុងចំណោមព្រះច័ន្ទទាំង ១២ ខាងលើ គឺស្ថិតនៅក្រុមព្រះច័ន្ទនៅដែនខាងក្រៅឆ្ងាយ ដែលគោចរជុំវិញ Jupiter តាមលក្ខណៈ Retrograde ឬអាចនិយាយថា ក្នុងភាពបញ្ច្រាសពីរង្វិលជុំរបស់ភពព្រហស្បតិ៍។
ក្រុមព្រះច័ន្ទទាំងនេះ ត្រូវបែងចែកយ៉ាងតិចជាបីថ្នាក់តូច ២ និងត្រូវគេជឿជាក់ថា ជាសំណល់នៃវត្ថុធំៗ ០៣ផ្សេងទៀត ដែលបានបែកខ្ញែកនៅអំឡុងការប៉ះទង្គិចគ្នាជាមួយបំណែកអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ ឬព្រះច័ន្ទដទៃទៀត។ ព្រះច័ន្ទទាំង០៩នេះ ចំណាយពេលប្រមាណជា០២ឆ្នាំ ដើម្បីធ្វើដំណើរជុំវិញ Jupiter បានមួយជុំ។
សម្រាប់ព្រះច័ន្ទ ០២ ផ្សេងទៀតស្ថិតក្នុងក្រុមផ្នែកខាងក្នុងនៅកៀកជាង ដែលធ្វើគោចរក្នុងលក្ខណៈ Prograde ឬអាចនិយាយបានថា ក្នុងទិសដៅដូចគ្នាទៅនឹងរង្វិលជុំរបស់ភពព្រហស្បតិ៍។ ក្រុមព្រះច័ន្ទទាំងនេះ មានគម្លាតគោចរ និងមុំធៀបជាមួយ Jupiter ស្រដៀងគ្នា ហើយពួកគេត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានបំណែកមានប្រភពមកពីព្រះច័ន្ទដ៏ធំមួយ ដែលបានបែកខ្ញែកខ្លួន។ ក្រុមព្រះច័ន្ទរបស់ Jupiter នៅតំបន់នេះ ប្រើពេលមិនដល់មួយឆ្នាំឡើយ ដើម្បីធ្វើដំណើរជុំវិញភពព្រហស្បតិ៍។
ចំណែកឯព្រះច័ន្ទមួយចុងក្រោយវិញ ដែលមើលទៅមានលក្ខណៈចម្លែកជាងគេវិញនោះ មានទីតាំងនៅឆ្ងាយ និងមានមុំខ្ពស់ជាងក្រុមព្រះច័ន្ទ Prograde ឯទៀតៗ ហើយចំណាយពេលមួយឆ្នាំកន្លះ ដើម្បីគោចរជុំវិញ Jupiter។ ក្រៅពីមិនដូចក្រុមព្រះច័ន្ទផ្នែកខាងក្នុងដទៃទៀតឡើយ ព្រះច័ន្ទចម្លែកនេះមានគន្លងគោចរ ដែលឆ្លងកាត់ក្រុមព្រះច័ន្ទផ្នែកខាងក្រៅថែមទៀតផង ខណៈប្រការនេះអាចបង្កលទ្ធភាពថាអាចមានការប៉ះទង្គិចគ្នានាពេលអនាគត៕