(ហែលស៊ីនគី)៖ ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ត្រូវបានរដ្ឋាភិបាលប្រទេសហ្វាំងឡង់អះអាងថា បានប្រព្រឹត្តទៅដោយរលូន ខណៈការចំណាយនៃការរៀបចំដំណើរការនៃកិច្ចប្រជុំទាំងមូលនេះ គឺអស់ខ្ទង់ ១០លានអឺរ៉ូ ឬស្មើនឹង ១១.៦៦លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក ជូហា ស៊ីភីឡា (Juha Sipila) បានឲ្យដឹងថា ការចំណាយរបស់រដ្ឋាភិបាលទីក្រុងហែលស៊ីនគី គឺជាការចំណាយប្រកបដោយគុណតម្លៃត្រឡប់មកវិញ។ ថវិកាទាំងអស់ខាងលើនេះ គឺត្រូវបានចំណាយដោយក្រសួងពាក់ព័ន្ធ និងការិយាល័យប្រធានាធិបតីហ្វាំងឡង់ ប៉ុន្តែសម្រាប់សំណើថវិកានេះត្រឡប់មកកាន់ស្ថាប័នទាំងឡាយវិញនោះ នឹងត្រូវបញ្ចូនទៅកាន់សភាហ្វាំង ដើម្បីធ្វើការអនុម័តប្រសិនបើអាចទៅរួច។
គួរបញ្ជាក់ថា ការចំណាយទាំងអស់គឺទៅលើពិធីការថ្នាក់អន្តរជាតិជារួម ដែលប្រទេសធំៗនានាតែងតែធ្វើដើម្បីស្វាគមន៍ជំនួបកំពូលៗ នៃថ្នាក់ដឹកនាំអន្តរជាតិ ហើយសម្រាប់ប្រទេសហ្វាំងឡង់ក៏មិនខុសគ្នាដែរ ដោយជំនួប ត្រាំ-ពូទីន ត្រូវបានអ្នកសារព័ត៌មាននានាកោតសរសើរថា បានប្រព្រឹត្តទៅដោយរលូនបំផុត ដោយសារតែភ្ញៀវកិត្តិយស ជាពិសេសអ្នកសារព័ត៌មានផ្ទាល់ ត្រូវបានទទួលស្វាគមន៍យ៉ាងសាកសម រួមជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។
បើយើងរំលឹកទៅដល់កិច្ចជំនួបកំពូលជាប្រវត្តិសាស្ត្រ ត្រាំ-គីម នៅលើទឹកដីសិង្ហបុរីនោះ រដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ បានចំណាយរហូតដល់ទៅ ១២លានដុល្លារអាមេរិក នៅក្នុងការរៀបចំពិធីការទាំងមូល ហើយតម្លៃនៃការចាយវាយនេះ ត្រូវបាននាយករដ្ឋមន្ត្រីសិង្ហបុរីអះអាងថា ជារឿងមួយដែលលោកពេញចិត្តនឹងធ្វើ ដោយវាក៏នឹងជួយឲ្យសិង្ហបុរីរីកមុខមាត់បន្ថែមទៀត នៅលើឆាកអន្តរជាតិផងដែរ៕