(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើប ការណ៍សំងាត់អាមេរិកដែលរកឃើញថា រុស្ស៊ីជាអ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ប៉ុន្តែការលើកឡើងនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោកបានឡើងពីថ្ងៃម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញបានចេញមុខគាំទ្ររុស្ស៊ី ដោយលោកបញ្ជាក់ច្បាស់ៗថា «គ្មានហេតុផល ឬភស្ដុតាងណាមួយដែលចោទប្រកាន់លើទីក្រុងម៉ូស្គូថា ជាអ្នកលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិកឡើយ»។ ចំណែកឯលោក ពូទីន ក៏បានបដិសេធដែរថា រុស្ស៊ីមិនដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ។
«ប្រធានាធិបតីរុស្ស៊ី ពូទីន និយាយថាមិនមែនរុស្ស៊ីនោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវានោះដែរ»។ នេះគឺជាចម្លើយតបរបស់លោក ត្រាំ បន្ទាប់ពីជំនួបបិទទ្វារជាងពីរម៉ោងជាមួយលោក ពូទីន ក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។
ប៉ុន្តែគ្រាន់តែធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម លោក ត្រាំ បានក្រឡាស់សម្ដី ហើយថាលោកមានការភ័ន្តច្រឡំ ពោលគឺចង់មានន័យថា លោកមើលមិនឃើញហេតុផល ថាតើហេតុអ្វីបានជារុស្ស៊ីមិនមែនជាអ្នកលូកដៃ ចូលកិច្ចការបោះឆ្នោតអាមេរិក។ លោក ត្រាំ បញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ដែលថារុស្ស៊ីជា អ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារក្រុមសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋបានរិះគន់ជំនួបរវាងលោក ត្រាំ និងលោក ពូទីន យ៉ាងខ្លាំង ខណៈសម្ព័ន្ធមិត្តអាមេរិកជម្រុញឱ្យលោក ត្រាំ បង្ហាញគោលជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះរុស្ស៊ី៕