(វ៉ាស៊ីនតោន)៖ យ៉ាងហោចណាស់មនុស្ស ០៣នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដ៏កម្រកើតមានឡើងមួយ នោះគឺយន្តហោះខ្នាតតូចពីរគ្រឿង បានបុកគ្នានៅកណ្តាលអាកាសតែម្តង ស្ថិតនៅក្នុងតំបន់អេវើក្លាដែស (Everglades) ភាគខាងត្បូងទីក្រុង ម៉ៃអាមី នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់មូលហេតុនៃការបុកគ្នាខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ខណៈការព្រួយបារម្ភក៏កំពុងកើតមានឡើងផងដែរ នៅក្នុងតំបន់ដែលកើតហេតុ ព្រោះវាស្ថិតនៅក្បែរសាលាបង្រៀនហោះហើរ ហើយអាជ្ញាធរបានបញ្ជាឲ្យមានការត្រួតពិនិត្យកម្រិតខ្ពស់ឡើងវិញ ទៅលើប្រព័ន្ធសុវត្ថិភាពដែនអាកាស។
គួរបញ្ជាក់តាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ខាងលើនេះឲ្យដឹងថា យន្តហោះទាំងពីរគ្រឿងដែលបានបុកគ្នា និងធ្លាក់បណ្តាលឲ្យមនុស្ស ០៣នាក់ បាត់បង់ជីវិតនោះ គឺជាកម្មសិទ្ធិរបស់ សាលាបង្រៀនហោះហើរយន្តហោះអន្តរជាតិឌីន (Dean International Flight School)។ ដោយឡែកអត្តសញ្ញាណនៃជនរងគ្រោះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕