(បាងកក)៖ ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង នឹងត្រូវ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃពុធនេះ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងក្នុងថ្ងៃតែមួយផងដែរ ដើម្បីរៀបរាប់ពីរឿងរ៉ាវដែលកើតឡើងលើពួកគេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd បានគូសបញ្ជាក់ដូច្នេះថា៖«ក្មេងប្រុស ទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ហើយក៏នឹងត្រូវអនុញ្ញាតផងដែរឱ្យ ពួកគេចូលរួមក្នុងសន្និសីទសារព័ត៌មាន ពីព្រោះពិភពលោកកំពុងទន្ទឹមរង់ចាំចង់ដឹងពីរឿងរ៉ាវដែលកើតចេញពីមាត់របស់ពួកគេ»។
គួររំលឹកថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ បានជាប់ក្នុងរូងភ្នំថាំលួង ក្នុងខេត្តឈៀងរ៉ាយ ភាគខាង ជើងប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា មុននឹងត្រូវបានគេជួយសង្រ្គោះចេញពីរូងភ្នំនេះ ដោយសុវត្ថិភាពកាលពីសប្ដាហ៍មុន៕