(អឺរ៉ុប)៖ សហភាពអឺរ៉ុប និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីភាពជាដៃគូសេដ្ឋកិច្ច ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សហភាពអឺរ៉ុប ជាមួយការរំពឹងទុកថាវានឹងគ្របដណ្ដប់ស្ទើតែមួយភាគបីនៃ GDP សកល។ នេះបើ តាមគណៈកម្មាការអឺរ៉ុប ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានកត់សម្គាល់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានអនុម័តឡើងដោយ សហភាពអឺរ៉ុប និងជប៉ុន ហើយថាវាគឺជាសារមួយយ៉ាងច្បាស់ប្រឆាំងនឹងគំនិតគាំពារនិយម។ លោក Donald Tusk បានគូសបញ្ជាក់ដូច្នេះថា៖«យើងបានធ្វើវារួមគ្នា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរី និងយុត្តិធម៌ ដែលបង្ហាញពីភាពរឹងមំា និងល្អប្រសើរក្នុងការធ្វើការងាររួមគ្នា»។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើត្រូវបានចុះហត្ថលេខា នៅថ្ងៃអង្គារនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសហភាព អឺរ៉ុប និងជប៉ុនលើកទី២៥ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker រួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ កើតមានឡើងនៅចំពេលទីក្រុងតូក្យូ និងសហភាពអឺរ៉ុប សុទ្ធតែកំពុងប្រឈមមុខនឹងសង្រ្គាមតម្លើងពន្ធជាមួយសហរដ្ឋអាមេរិក៕