(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ជម្លោះនៅតំបន់ហ្គាហ្សារវាងជនជាតិប៉ាឡេស្ទីន និងកងកម្លាំងការពារព្រំដែននៃប្រទេសអ៊ីស្រាអែល ដែលបានផ្ទុះឡើងយ៉ាង ក្តៅគគុកគិតចាប់តាំងពីថ្ងៃទី៣០ ខែមីនា រហូតមកដល់ទល់នឹងពាក់កណ្តាលខែកក្កដានេះ បានផ្តាច់ជីវិតមនុស្សសរុប ១៤០នាក់ ខណៈជាង ១៦,០០០នាក់ ទៀតបានទទួលរងរបួស៕
២៖ កម្ទេចកម្ទីរដុំបាល់ភ្លើង ដែលខ្ទាតចេញពីតំបន់ភ្នំភ្លើងគីឡូអៀ (Kilauea) លើកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកបានធ្លាក់ចំទូក ទេសចរណ៍មួយគ្រឿង និងបណ្តាលឲ្យមនុស្ស ២៣នាក់រងរបួស៕
៣៖ សមាជិកក្រុមសកម្មប្រយុទ្ធរហូតដល់ ៦២នាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយកងយន្តហោះ ចម្បាំងអាហ្វហ្គានីស្ថាន នៅខេត្តកាន់ដាហារ (Kandahar) ភាគខាងត្បូងប្រទេស គិតត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕
៤៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃអង្គារនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់ដោយសារតែរលកកម្ដៅ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគខាងលិចនៃប្រទេស ទើបនឹងរងគ្រោះដោយទឹកជំនន់ និងជាទីដែល មនុស្សច្រើនជាង២០០នាក់ បានបាត់បងជីវិតកាលពីសប្ដាហ៍មុន៕
៥៖ ក្រោយពីបេសកកម្ម MESSENGER របស់ទីភ្នាក់ងារអវកាស NASA បានបញ្ចប់ទៅកាលពីឆ្នាំ២០១៥ ស្រទាប់ផ្ទៃខាងលើ ឬសំបករបស់ភពពុធ (Mercury) ដែលនៅកៀកនឹងព្រះអាទិត្យជាងគេបំផុតនោះត្រូវគេជឿជាក់ថា មានកម្រាស់ប្រហែល ៣៥គីឡូម៉ែត្រ ប៉ុន្តែនាពេលនេះមានអ្នកវិទ្យាសាស្រ្តម្នាក់ មិនយល់ឃើញយ៉ាងដូច្នោះឡើយ៕
៦៖ ក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានថ្កោលទោសយ៉ាងខ្លាំងលើ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចេញមុខគាំទ្ររុស្ស៊ីប្រឆាំង FBI ជុំវិញការចោទការថាទីក្រុងម៉ូស្គូបាន លូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕