(ហ្គាហ្សា)៖ ជម្លោះនៅតំបន់ហ្គាហ្សារវាងជនជាតិប៉ាឡេស្ទីន និងកងកម្លាំងការពារព្រំដែននៃប្រទេសអ៊ីស្រាអែល ដែលបានផ្ទុះឡើងយ៉ាងក្តៅគគុក គិតចាប់តាំងពីថ្ងៃទី៣០ ខែមីនា រហូតមកដល់ទល់នឹងពាក់កណ្តាលខែកក្កដានេះ បានផ្តាច់ជីវិតមនុស្សសរុប ១៤០នាក់ ខណៈជាង ១៦,០០០នាក់ ទៀតបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
របាយការណ៍ដែលត្រូវបានចេញដោយក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា ដែលកំពុងគ្រប់គ្រងដោយក្រុមហាម៉ាស់-ប៉ាឡេស្ទីននេះ គឺកើតចេញពីការបូកសរុបចំនួនមនុស្សស្លាប់ និងរងរបួស នៅក្នុងអំឡុងនៃការតវ៉ាតាមព្រំដែនជាច្រើនលើក ក្នុងរយៈពេលពេលជាងបីខែមកនេះ។ មនុស្សស្លាប់ភាគច្រើន គឺដោយសារតែការបង្ក្រាបតាមរយៈការបាញ់ប្រហារ របស់ទាហានការពារព្រំដែនអ៊ីស្រាអែល។
គួរបញ្ជាក់ថា ការតវ៉ារៀងរាល់ថ្ងៃសុក្ររបស់ក្រុមជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាខាងលើនេះ គឺត្រូវបានអ្នកដឹកនាំនៅហ្គាហ្សាអះអាងថា ត្រូវបានរៀបចំឡើងដោយសន្តិវិធី ប៉ុន្តែដោយឡែកខាងឆ្មាំការពារព្រំដែនអ៊ីស្រាអែលវិញបានអះអាងថា ក្រុមជនជាតិប៉ាឡេស្ទីនបានធ្វើការវាយប្រហារដោយដុំថ្ម និងវត្ថុរឹងជាច្រើនមកលើកងកម្លាំងអ៊ីស្រាអែល ទើបពួកគេធ្វើការបាញ់តបតវិញ ក្នុងន័យការពារខ្លួន៕