(អ៊ូឡាន់បាទ័រ)៖ រដ្ឋាភិបាលនៃប្រទេសម៉ុងហ្គោលីបានសម្រេចចិត្តថា ផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ ១០០,០០០ដុល្លារសហរដ្ឋអាមេរិក ទៅដល់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីប្រទេសដីកោះមួយនេះ ទើបបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់វាយប្រហារភាគខាងលិចប្រទេស ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ ២២០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសម៉ុងហ្គោលី នៅថ្ងៃអង្គារនេះបានអះអាងថា លោករដ្ឋមន្ត្រីការបរទេស ដេមឌីន តាសូកតាបាតារ (Damdin Tsogtbaatar) បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសម៉ុងហ្គោលីគឺលោក ម៉ាសាតូ តាកាអូកា (Masato Takaoka) ហើយក៏បានចូលរួមរំលែកទុក្ខជូនដល់ប្រជាជាតិជប៉ុនទាំងមូល បន្ថែមនឹងថវិកាជំនួយមនុស្សធម៌ប្រមាណ ១០០,០០០ដុល្លារអាមេរិក ជាការរួមចំណែកជួយស្តារការខាតបង់នានា នៅភាគខាងលិចជប៉ុន ដែលត្រូវបានបំផ្លាញស្ទើរខ្ទេចខ្ទីដោយទឹកជំនន់ និងការបាក់ដី។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារភាគខាងលិចប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា និងបន្តមករយៈពេលជាច្រើនថ្ងៃជាប់គ្នា នាំឲ្យខេត្តជាច្រើនរងគ្រោះទឹកជំនន់ និងការបាក់ដី។ រហូតមកទល់នឹងពេលនេះ ប្រជាជនជប៉ុនរាប់សែននាក់ នៅតែបន្តរស់នៅក្នុងទីជម្រកបណ្តោះអាសន្ននៅឡើយ ដោយសារតែលំនៅឋានរបស់ពួកគេ បានរងការបំផ្លិចបំផ្លាញអស់ទៅហើយ៕