(អាមេរិក)៖ កម្ទេចកម្ទីរដុំបាល់ភ្លើង ដែលខ្ទាតចេញពីតំបន់ភ្នំភ្លើងគីឡូអៀ (Kilauea) លើកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក បានធ្លាក់ចំទូកទេសចរណ៍មួយគ្រឿង និងបណ្តាលឲ្យមនុស្ស ២៣នាក់រងរបួស។ នេះបើតាមការឲ្យដឹងពីអាជ្ញាធររដ្ឋហាវ៉ៃ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
យ៉ាងណាមិញអ្នកដែលបានទទួលរងរបួស គឺភាគច្រើនរបួសស្រាល និងមានម្នាក់របួសធ្ងន់ ហើយគ្រាប់បែកភ្នំភ្លើងនេះ បានធ្វើឲ្យធ្លុះដំបូលទូកថែមទៀត។ នៅពេលកើតហេតុ ទូកទេសចរណ៍ខាងលើរបស់ក្រុមហ៊ុន Lava Ocean Tours Inc កំពុងធ្វើដំណើរនៅក្នុងតំបន់សុវត្ថិភាពទំហំ ៣០០ម៉ែត្រ បួនជ្រុង ដែលត្រូវបានកំណត់ដោយ កងឆ្មាំល្បាតដែនសមុទ្រអាមេរិក។
តំបន់សុវត្ថិភាពនេះ ត្រូវបានអាជ្ញាធរអាមេរិកកំណត់ឡើង នៅជុំវិញតំបន់ដែលកម្អែរភ្នំភ្លើងហូរចូលផ្ទៃសមុទ្រ នៅភាគអាគ្នេយ៍នៃកោះហាវ៉ៃ ដើម្បីការពារមនុស្ស និងទូក-នាវានានាពីគ្រោះថ្នាក់ ប៉ុន្តែជាអកុសល្យកម្អែរភ្លើងនោះ បែរជ្រុលខ្ទាតធ្លាក់លើទូកទៅវិញ ហើយជាសំណាងដែលមិនមានមនុស្សស្លាប់បាត់បង់ជីវិត។
នៅពេលកើតហេតុមានមនុស្សសរុប ៥២នាក់ ក្នុងនោះរួមមានអ្នកដំណើរ ៤៩នាក់ និងក្រុមការងារទូក ០៣នាក់ នៅលើទូកទេសចរណ៍នោះ។ បើតាមវែបសាយរបស់ក្រុមហ៊ុន Lava Ocean Tours ការធ្វើដំណើរតាមទូកបែបនេះ គឺជាការទទួលបានបទពិសោធន៍គួរឲ្យរំភើប ក្នុងការទស្សនាទិដ្ឋភាពនៃកម្អែរភ្នំភ្លើងហូរចូលទឹកសមុទ្រ។
គួរជម្រាបថា មកទល់ពេលនេះ លំនៅឋានប្រជាជននៃរដ្ឋហាវ៉ៃរាប់រយខ្នង ត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែកម្អែរភ្លើងពីភ្នំ Kilauea ដែលបានបន្តផ្ទុះស្ទើរតែឥតឈប់ឥតឈរ ចាប់តាំងពីដើមខែឧសភាមក។ ភ្នំភ្លើងនេះគឺជាភ្នំភ្លើងសកម្ម និងក្មេងជាងគេបំផុត នៅលើពិភពលោក៕