(អាហ្វហ្គានីស្ថាន)៖ សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រហូតដល់ ៦២នាក់បានស្លាប់ ក្នុងការវាយប្រហារ​តាមផ្លូវអាកាស ដឹកនាំដោយកងយន្តហោះ​​ចម្បាំង​អាហ្វហ្គានីស្ថាន នៅខេត្តកាន់ដាហារ (Kandahar) ភាគខាងត្បូងប្រទេស គិតត្រឹម​រយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាម​​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យ​យោធាអាហ្វហ្គានីស្ថាន​ប្រចាំតំបន់​ភាគខាងត្បូង កង​យន្តហោះចម្បាំង​របស់កងទ័ព​អាហ្វហ្គានីស្ថាន បានបើក​​ប្រតិ​បត្តិការ​វាយលុក​ដោយទម្លាក់​គ្រាប់បែក លើ​​​​កន្លែងលាក់ខ្លួនរបស់​ក្រុមឧទ្ទាមតាលីបង់ នៅស្រុកម៉ារូហ្វ (Maroof) នៃខេត្តភាគខាងត្បូង Kandahar ជា​ច្រើនលើក​ក្នុងអំឡុងពេល ២៤ម៉ោងប៉ុណ្ណោះ ដោយបានផ្តាច់​ជីវិតជនសកម្ម​ប្រយុទ្ធ ៦២នាក់ ក្នុងនោះមាន​មេបញ្ជាការប្រចាំ​តំបន់របស់​ក្រុម​ឧទ្ទាម​ម្នាក់បាន​ស្លាប់ និង​០៣នាក់​ទៀតរបួស។

គួរជម្រាបថា នៅក្នុងហេតុការណ៍​មួយដាច់ដោយឡែក​ផ្សេងទៀត ប៉ូលិសចំនួន ០៩នាក់ បានបាត់​បង់ជីវិត និង០៧នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នា​​ដ៏កក្រើកមួយ ជាមួយ​ពួកតាលីបង់ នៅឯស្រុកមួយទៀត​ស្ថិតនៅក្បែរ​ខាងក្នុងខេត្ត Kandahar ជាមួយគ្នា៕