រុស្ស៊ី បំបែកកំណត់ត្រា World Cup ដោយមានគ្រាប់បាល់ចូលទីខ្លួនឯងច្រើនបំផុត ក្នុងរយៈពេល ៨៨ឆ្នាំ (Video Inside)
17-07-2018 15:15
(ម៉ូស្គូ)៖ រុស្ស៊ី បានក្លាយជាប្រទេសម្ចាស់ផ្ទះ FIFA World Cup ដែលមានគ្រាប់បាល់ចូលទីខ្លួនឯង (Own gaols) មានរហូតដល់ទៅ ១២គ្រាប់ច្រើនជាងគេ ក្នុងចំណោមគ្រាប់បាល់បំប៉ោងសំណាញ់ទីសរុប ១៦៩គ្រាប់ ក្នុងបណ្តាប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ក្នុងរយៈពេល ៨៨ឆ្នាំមកនេះ។
១គ្រាប់ Own goal ដំបូងនៅ World Cup 2018 បានកើតឡើងក្នុងប្រកួតទី៣ ក្នុងចំណោម ៦៤ប្រកួតនៅបាល់ទាត់ ពិភពលោកនៅពេលខ្សែការពារខ្សែការពារម៉ារ៉ុក តែតចូលទីខ្លួនឯង ពេលម៉ារ៉ុក បានចាញ់អ៊ីរ៉ង់ ០-១ វគ្គសន្សំពិន្ទុនៃពូល B និងគ្រាប់ Own goal ចុងក្រោយគ្រាប់ទី១២ បានកើតឡើងនៅវគ្គផ្តាច់ព្រ័ត្រ ពេលបរាំងបំបាក់ក្រូអាត ៤-២ ដែលជាគ្រាប់បើកឆាកតែតដោយកីឡាករក្រូអាត Mario Mandzukic នៅនាទីទី១៨។
តាមរយៈព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានប្រារព្ធឡើង២១សម័យកាលមកនេះ មានគ្រាប់បាល់ចូលទីខ្លួនឯងសរុបកើនដល់ ៥៣គ្រាប់ ហើយគ្រាប់បាល់ Own goal នៅរុស្ស៊ីកើតឡើងច្រើនជាងគេ មានរហូតដល់ទៅ ១២គ្រាប់ ក្រោយពេល World Cup 2014 នៅប្រេស៊ីលមានតែ ៥គ្រាប់ប៉ុណ្ណោះ និងមានគ្រាប់បាល់ Own goal តែ១គ្រាប់ប៉ុណ្ណោះក្នុង World Cup ៤សម័យកាលឆ្នាំ១៩៣០ នៅអ៊ុយរ៉ាហ្គាយ, ឆ្នាំ១៩៥០ នៅប្រេស៊ីល, ឆ្នាំ១៩៧០ នៅមិចស៊ិក, ឆ្នាំ១៩៨២ នៅអេស្ប៉ាញ និង World Cup 1994 នៅសហរដ្ឋអាមេរិក៕