កំពុងប្រារព្ធពិធីបុណ្យសព ស្រាប់តែខ្មាន់កាំភ្លើងបើកការបាញ់រះលើរោងបុណ្យ នាំឲ្យមនុស្សស្លាប់បន្ថែម០៦នាក់ និងរបួស១៧នាក់នៅម៉ិចស៊ីកូ!
17-07-2018 14:33
(ម៉ិចស៊ីកូ)៖ ខ្មាន់កាន់ភ្លើងជាបុរសមួយក្រុម បានបើកការបាញ់រះទាំងកម្រោលនៅឯពិធីបុណ្យសព រៀបចំឡើងក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងទីក្រុង ហ្វ្រែសនីលឡូ (Fresnillo) នៃរដ្ឋហ្សាកាតេកាស់ (Zacatecas) កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដោយបណ្ដាលឱ្យមនុស្ស ០៦នាក់ស្លាប់ និង១៧នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រមាណ ១០៖០០នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលខ្មាន់កំាភ្លើជាច្រើននាក់ បានបាញ់រះលើក្រុមមនុស្សម្នា ដែលកំពុងចូលរួមក្នុងពិធីបុណ្យសពយុវជនម្នាក់អាយុ ១៧ឆ្នាំ ដែលត្រូវគេបាញ់សម្លាប់នៅឯក្លឹបរាត្រីមួយកន្លែង នៅក្នុងតំបន់កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។
គួរបញ្ជាក់ថា មនុស្សរងរបួស ១៧នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ មូលហេតុនៃការបាញ់ ប្រហារនេះមិនទាន់ត្រូវគេកំណត់នៅឡើយទេ ហើយប៉ូលិសក៏កំពុងធ្វើការតាមដាន និងតាមចាប់ក្រុមជនសង្ស័យផងដែរ៕