(អាមេរិក)៖ ក្រោយពីបេសកកម្ម MESSENGER របស់ទីភ្នាក់ងារអវកាស NASA បានបញ្ចប់ទៅកាលពីឆ្នាំ២០១៥ ស្រទាប់ផ្ទៃខាងលើ ឬសំបករបស់ភពពុធ (Mercury) ដែលនៅកៀកនឹងព្រះអាទិត្យជាងគេបំផុតនោះត្រូវគេជឿជាក់ថា មានកម្រាស់ប្រហែល ៣៥គីឡូម៉ែត្រ ប៉ុន្តែនាពេលនេះមានអ្នកវិទ្យាសាស្រ្តម្នាក់ មិនយល់ឃើញយ៉ាងដូច្នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Muchael Sori មកពីសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមេរិក ជឿជាក់ថាសំបករបស់ Mercury មានកម្រាស់ត្រឹមតែ ២៦គីឡូម៉ែត្រប៉ុណ្ណោះ ហើយហាប់ណែន ឬធ្ងន់ជាងសារធាតុអាលុយមីញ៉ូម។ ការប៉ាន់ស្មានបែបនេះរបស់លោក Sori បានផ្តល់ការគាំទ្រដល់ទ្រិស្តីដែលថា ស្រទាប់លើបំផុតរបស់ភពពុធ បានកកើតឡើងដោយសកម្មភាពភ្នំភ្លើង។
គួរជម្រាបថា MESSENGER គឺជាយានតែមួយគត់ដែលបានទៅសិក្សានៅភពពុធ ដោយវាត្រូវបានគេបាញ់បង្ហោះកាលពីឆ្នាំ២០០៤ ហើយទៅដល់ទីនោះនៅឆ្នាំ២០១១។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ យាន MESSENGER បានទម្លាក់ខ្លួនកម្ទេចចោលនៅលើផ្ទៃរបស់ Mercury ក្រោយបញ្ចប់បេសកកម្មរបស់វា៕