(ប៉ារីស)៖ ប្រទេសនៅទ្វីបអឺរ៉ុប បារាំង បានតាមទាន់កំណត់ត្រាក្រុមខ្លាំងខាងបាល់ទាត់នៅតំបន់អាមេរិកឡាទីន អាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយ ក្នុងនាមជាក្រុមឈ្នះជើងឯកពានរង្វាន់ពិភពលោក FIFA World Cup ២សម័យកាលដូច គ្នានាពេលកន្លងមក។

ការឈ្នះជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ីកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន បានធ្វើឲ្យក្រុមមាន់គកបារាំង ក្លាយទៅជាប្រទេសទី៣ ដែលបានលើកពានដ៏មហាអស្ចារ្យ និងរំជើបរំជួលជាមួយអាហ្សង់ទីន និងអ៊ុយរ៉ាហ្គាយបាន២ដងដូចគ្នា ខណៈអង់គ្លេស (ឆ្នាំ១៩៦៦) និងអេស្ប៉ាញ (ឆ្នាំ២០១០) ធ្លាប់ឈ្នះម្តងដូចគ្នាជាមួយអ៊ីតាលី និងអាល្លឹម៉ង់ ឈ្នះ៤ដងដូចគ្នា និងសាំបាប្រេស៊ីល ធ្លាប់ឈ្នះបាន ៥ដងច្រើនជាងគេ។

នេះជាលើកទី១ផងដែរសម្រាប់បារាំង ដែលឈ្នះជើងឯក World Cup នៅក្រៅទឹកដីរបស់ខ្លួន ខណៈឈ្នះលើកដំបូង ក្នុងទឹកដីរបស់ខ្លួននៅទីក្រុងប៉ារីស កាល World Cup 1998 ជាមួយនឹងការបំបាក់ប្រេស៊ីល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ដោយមានក្រូអាត ជាប់លេខ៣ ក្រោយយកឈ្នះហូឡង់។

អ្នកគាំទ្រ ក៏ដូចជាប្រជាជនបារាំងរាប់ម៉ឹននាក់បានចេញមកទទួលស្វាគមន៍ក្រុមជើងឯករបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងនៅ ទីក្រុងប៉ារីសយប់មិញនេះ បន្ទាប់ពីចំណាយពេល ១ខែពេញប្រយុទ្ធលើវាលស្មៅនៅប្រទេសរុស្ស៊ីចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹង៧ប្រកួតពេញ សម្រាប់ក្រុមបារាំង ដែលបានយកឈ្នះក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ និងប៊ែលហ្ស៊ិក យកឈ្នះអង់គ្លេស ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

គួរកត់សម្គាល់ផងដែរថា អ៊ុយរ៉ាហ្គាយ ជាក្រុមឈ្នះជើងឯក World Cup នេះមុនគេកាលពីឆ្នាំ១៩៣០ ក្នុងទឹកដីរបស់ ខ្លួន និង១២ឆ្នាំក្រោយមកទៀត អ៊ុយរ៉ាហ្គាយ ឈ្នះពាននេះម្តងទៀតក្នុងឆ្នាំ១៩៥០ ក្រោយយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈអាហ្សង់ទីន ធ្លាប់ឈ្នះ២ដងដែរក្នុងឆ្នាំ១៩៧៨ ក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីយកឈ្នះហូឡង់ ៣-១ ក្នុងម៉ោងបន្ថែម និង៨ឆ្នាំក្រោយមកទៀត ពោល World Cup 1986 នៅមិចស៊ិក ដោយបានយកឈ្នះអាល្លឹម៉ង់ខាងលិច ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ៕