(តេហេរ៉ង់)៖ រដ្ឋមន្រ្តីប្រេងនៃប្រទេសអ៊ីរ៉ង់ លោក ប៊ីហ្សាន ណាំដារ ហ្សាហ្គាណេហ៍ (Bijan Namdar Zanganeh) បានឲ្យលើកឡើងថា អង្គការប្រេង OPEC នឹងទទួលរងផលវិបាកធ្ងន់ធ្ងរប្រសិនបើសមាជិកខ្លួន នៅតែបន្តមិនគោរពតាមការប្តេជ្ញា ដែលពាក់ព័ន្ធនឹងទិន្នផលប្រេង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
បើតាមលិខិតរបស់លោក Zanganeh ផ្ញើជូនទៅកាន់ប្រធានអង្គការ OPEC បានឲ្យដឹងថា ការសម្រេចធ្វើឡើងនៅក្នុងសន្និសីទ OPEC លើកទី ១៧៤ ពុំបានផ្តល់សិទ្ធិឲ្យប្រទេសនានាជាសមាជិកផលិតប្រេង លើសពីចំនួនកូតាដែលបានកំណត់នោះឡើយ ប៉ុន្តែផ្ទុយទៅវិញបើតាមរបាយការណ៍ប្រចាំខែចុងក្រោយបំផុតរបស់ OPEC កម្រិតផលិតកម្មនៃសមាជិកមួយចំនួន នៅខែមិថុនា ឆ្នាំ២០០៨ មានចំនួនលើសឆ្ងាយពីកម្រិតដែលបានព្រមព្រៀងគ្នា។ ដូច្នេះហើយនេះ គឺជាការបំពានលើការប្តេជ្ញារបស់ប្រទេសទាំងនោះ។
គួរជម្រាបថា ក្រសួងការបរទេសអាមេរិក កាលពីខែមិថុនាបានប្រកាសថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ នៅខែវិច្ឆិកាខាងមុខ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យអារ៉ាប៊ីសាអូឌីត បង្កើនប្រេងសម្រាប់នាំចេញរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការខ្វះខាតក្នុងតម្រូវការទីផ្សារ ចំពោះករណីដែលការនាំចេញប្រេងឆៅអ៊ីរ៉ង់មានការធ្លាក់ចុះ៕