(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា ស្ត្រីជនជាតិរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក ស្ត្រីខាងលើមានឈ្មោះថា ម៉ារៀ ប៊ូទីណា (Maria Butina) អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាទីដែលរូបនាងស្នាក់នៅ។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា នាង Butina បានធ្វើសកម្មភាពក្នុងនាមជាទីភ្នាក់ងាររុស្ស៊ី តាមរយៈការអភិវឌ្ឍទំនាក់ទំនងជាមួយប្រជាជនអាមេរិក និងអង្គការ នានាដែលមានឥទ្ធិពលលើនយោបាយអាមេរិក។
បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានឱ្យដឹងដែរថា នាង Butina នឹងត្រូវ បង្ហាញខ្លួននៅចំពោះមុខតុលាការអាមេរិកនៅថ្ងៃពុធនេះ (ម៉ោងនៅអាមេរិក) ហើយសិនជាគេរកឃើញកំហុសដូចការចោទប្រកាន់មែន នោះរូបនាងនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ០៥ឆ្នាំ។
គួររំលឹកថា កាលពីថ្ងៃសុក្រក្រសួងយុត្តិធម៌អាមេរិក ក៏បានចោទប្រកាន់លើជនជាតិរុស្ស៊ី ១២រូបផងដែរ ពីបទលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ខណៈមកទល់បច្ចុប្បន្នជនជាតិរុស្ស៊ី ២៧នាក់ ហើយត្រូវបានរដ្ឋាភិបាលអាមេរិក ចោទប្រកាន់ជាផ្លូវការពីបទលូកលាន់ក្នុងកិច្ចការបោះឆ្នោត និងនយោបាយអាមេរិក៕