(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំងលើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចេញមុខគាំទ្ររុស្ស៊ីប្រឆាំង FBI ជុំវិញការចោទការថា ទីក្រុងម៉ូស្គូបានលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ការរិះគន់លើលោក ត្រាំ បានផ្ទុះឡើងនៅក្រោយប្រធានាធិបតីអាមេរិករូបនេះ សម្ដែងការប្រឆាំងជំទាស់នឹងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ហើយថាគ្មានហេតុផល ឬភស្ដុតាងណាមួយចោទប្រកាន់លើទីក្រុងម៉ូស្គូថា ជាអ្នកលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិកឡើយ។ ចំណែកឯលោក ពូទីន ក៏បានបដិសេធដែរថា រុស្ស៊ី ក៏មិនដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះដែរ។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើលោកជឿជាក់លើទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់លោក ឬក៏លោក ពូទីន។ «ប្រធានាធិបតីរុស្ស៊ី ពូទីន និយាយថាមិនមែនរុស្ស៊ីនោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវានោះដែរ»។ នេះគឺជាចម្លើយតបរបស់លោក ត្រាំ។
តែយ៉ាងណាក៏ដោយ ថ្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ប្រធានសភាអាមេរិមកពីគណបក្សសាធារណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គួរតែយល់ថា រុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្តរបស់យើងនោះទេ ហើយ ក៏គ្មានដែរសីលធម៌ស្មើភាពគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ពោលគឺមានតែការបន្តប្រឆាំងនឹងមូលដ្ឋានគ្រឹះនៃតម្លៃ និងឧត្ដមគតិ របស់យើងតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឡើងនៅឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់កាលពីថ្ងៃចន្ទ។ ប៉ុន្តែនៅមុនជំនួបនេះ រដ្ឋអាជ្ញាពិសេសអាមេរិកបានដាក់សម្ពាធលើលោក ត្រាំ តាមរយៈការចោទប្រកាន់ជាផ្លូវការលើមន្រ្តីរុស្ស៊ី ១២រូប ជុំវិញការលូកលាន់ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ដោយសង្ឃឹមថា លោកនឹងលុបចោលជំនួបនេះ ហើយបង្ហាញពីគោលជំហរម៉ឺងម៉ាត់ចំពោះរុស្ស៊ី៕