(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គូតូ ប៊ែប (Guto Bebb) បានដាក់លិខិតលាលែងចេញពីតំណែងហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីបានបោះឆ្នោតប្រឆាំងជំទាស់នឹងរដ្ឋាភិបាលរបស់លោក ជុំវិញការធ្វើវិសោធនកម្មមួយស្ដីពីទំនាក់ទំនងពន្ធគយជាមួយ សហភាពអឺរ៉ុបក្រោយ Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Guto Bebb បានបោះឆ្នោតប្រឆាំងជំទាស់នឹងវិសោធនកម្មច្បាប់ពន្ធគយ របស់លោកស្រីនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉ាយ (Theresa May) ដែលត្រូវបានបោះឆ្នោតអនុម័តដោយសភាក្នុងសំឡេងគាំទ្រ ៣០៥ ទល់នឹង ៣០២សំឡេង។ ប៉ុន្តែក្រុមអ្នកប្រឆាំងបានរិះគន់ថា វិសោធន កម្មនេះនឹងបំផ្លាញដល់គោលជំហរចរចារបស់លោកស្រី May ដែលទើបតែប្រកាសកាលពីពេលថ្មីៗនេះ ខណៈបើតាមច្បាប់ពន្ធ គយថ្មីនឹងបញ្ឈប់អង់គ្លេសពីការប្រមូលពន្ធសម្រាប់សហភាពអឺរ៉ុប នៅក្រោយ Brexit បើសិនជាគ្មានកិច្ចព្រមព្រៀងថ្មីណាមួយទេនោះ។
គួរបញ្ជាក់ថា លោក Guto Bebb គឺជាមន្ត្រីជាន់ខ្ពស់ទីបីហើយ នៃរដ្ឋាភិបាលលោកស្រី May ដែលលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson និងរដ្ឋមន្ត្រីទទួលបន្ទុក Brexit លោក David Jones៕