(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់កូរ៉េខាងជើងថានៅតែបន្តលួចលាក់ប្រើប្រាស់ទីតាំង សំងាត់មួយកន្លែងនៅក្បែរទីក្រុងព្យុងយ៉ាង ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើតាម Yomiuri ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មានជប៉ុន Yomiuri ផ្អែកលើប្រភពការទូតជាច្រើនដែលខ្លួនទទួលបាន បានបញ្ជាក់ថាទីតាំងសំងាត់ខាងលើស្ថិតនៅក្នុង តំបន់ Chollima នៅចំងាយប្រហែលជា៣០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងព្យុងយ៉ាង។ ទីតាំងសំងាត់នេះបានដំណើរការអស់ រយៈពេលពី១០ទៅ១៥ឆ្នាំមកហើយ ដោយវាមានសមត្ថភាពអាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដូចរោងច្រកនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើងដែលត្រូវបានក្រុមអ្នកជាច្រើនជឿជាក់ថាអាចចម្រាញ់អ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ទុកផលិតក្បាលគ្រាប់
នុយក្លេអ៊ែរ។

តែទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានច្រានចោលការចោទប្រកាន់មកលើខ្លួន ហើយថែមទាំងជំរុញផងដែរឱ្យ សហរដ្ឋអាមេរិក កុំយកចិត្តទុកដាក់នឹងព័ត៌មាននេះដែលបំណងប្រឆាំងនឹងកិច្ចសន្ទនារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក៕