(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធីបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមប្រព្រឹត្តទៅហើយនៅឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់៕

២៖ អ្នកគាំទ្រក្រុមជម្រើសជាតិបារាំងពីរនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅអំឡុងពេលនៃពិធីអបអរសាទរជ័យជម្នះ ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០១៨ លើក្រុមជម្រើសជាតិក្រូអាត ៤ ទល់នឹង ២ នៅវគ្គផ្ដាច់ Final៕

៣៖ ប្រជាជនមួយភូមិដែលពោរពេញដោយភ្លើងកំហឹង បានកាប់សម្លាប់សត្វក្រពើសរុបជិត ៣០០ក្បាលនៅក្នុងប្រទេស ឥណ្ឌូណេស៊ី ក្រោយពីបុរសម្នាក់ បានបាត់បង់ជីវិតដោយសារចង្កូមមជ្ជរាជរបស់ សត្វល្មូនស៊ីសាច់ជាអាហារមួយប្រភេទនេះ៕

៤៖ ចំនួនមនុស្សស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងនៅចំពេលនៃការជួបជុំគ្នាយ៉ាងធំសម្បើមនៃក្រុមអ្នក គាំទ្រគណបក្សនយោបាយមួយនៅក្រុង ម៉ាស្តាំង (Mastung) នៃខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីប្រទេសប៉ាគីស្ថាន បានកើនដល់ ១៤៩នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ៕

៥៖ ប្រធានាធិបតីអាមេរិក ទីបំផុតបានធ្វើដំណើរទៅដល់ទីក្រុងហែលស៊ីនគី នៃប្រទេសហ្វាំងឡង់ហើយដើម្បីត្រៀមខ្លួនបើក កិច្ចប្រជុំផ្លូវការជាលើកដំបូង ជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅចំពោះមុខភាពតានតឹងជាច្រើន ហើយក្នុងនោះក៏មាន ក្រុមបាតុករ ដែលកំពុងរៀបចំសម្តែងការប្រឆាំងចំពោះជំនួបកំពូលនេះផងដែរ៕

៦៖ រដ្ឋាភិបាលឡាវបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើទិដ្ឋការឆ្លងដែន របស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ៕