(ហែលស៊ីនគី)៖ ទោះបីជាមានមមាញឹកខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា World Cup 2018 យ៉ាងណាក្តី ក៏ក្រោយបញ្ចប់ព្រឹត្តិការណ៍អន្តរជាតិនេះ មិនទាន់បានមួយថ្ងៃស្រួលបួលផងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបានហោះហើរចេញពីទឹកដីរុស្ស៊ី មកចុះចតនៅព្រលានយន្តហោះទីក្រុងហែលស៊ីនគី នៃប្រទេសហ្វាំងឡង់ប្រកបដោយសុវត្ថិភាព ដើម្បីត្រៀមចូលរួមជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូងជាមួយមេដឹកនាំមហាអំណាចលេខ ១ លើលោក គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
លោក ពូទីន និងលោក ត្រាំ នឹងត្រូវជួបមុខគ្នានៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដានេះ (ម៉ោងនៅប្រទេសហ្វាំងឡង់) ដែលលោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់មុនតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលជាមួយអង្គការ NATO និងដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេស។ មុននឹងជួបលោក ពូទីន លោក ត្រាំ ក៏បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយមេដឹកនាំហ្វាំងឡង់ផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងប្រទេសទាំងពីរ អាមេរិក-ហ្វាំងឡង់ និងជាការទទួលស្វាគមន៍ក្នុងនាមម្ចាស់ផ្ទះ សម្រាប់មេដឹកនាំកំពូលទាំងពីរ៕