(ប៉ារីស)៖ អ្នកគាំទ្រក្រុម​ជម្រើសជាតិ​បារាំងពីរនាក់ ត្រូវបានគេរាយការណ៍​ថា បានស្លាប់នៅអំឡុងពេល​នៃពិធី​អបអរសាទរ ជ័យជម្នះក្នុង​ការប្រកួតព្រឹត្តិការណ៍​បាល់ទាត់ World Cup ឆ្នាំ២០១៨ លើក្រុមជម្រើសជាតិ​ក្រូអាត​ ៤ ទល់នឹង ២ នៅវគ្គផ្ដាច់ Final។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

កាលពី​ថ្ងៃអាទិត្យ ក្រុមជម្រើសជាតិបារាំង​បានក្លាយជា​ជើងឯក World Cup ជាលើក​ដំបូងរយៈពេល ២០ឆ្នាំ ក្រោយធ្លាប់បានគ្រង​ជើងឯកនេះកាលពីឆ្នាំ១៩៩៨ ក្នុងនាមជា​ម្ចាស់ផ្ទះ។ ចំណែក​ឯក្រុមអ្នកគាំទ្រ បាននាំគ្នាចុះ​តាមដងផ្លូវដើម្បីអបអរ​ជ័យជម្នះនេះ​ភ្លាមៗ ប៉ុន្តែស្របពេល​សប្បាយរីករាយ មនុស្សពីរនាក់​ត្រូវបានគេរាយការណ៍​ថា បានស្លាប់ ហើយអំពើហិង្សា​ក៏បានផ្ទុះឡើង​នៅចំ​កណ្ដាល​ទីក្រុងប៉ារីស​ផងដែរ។

ជាមួយគ្នា​នោះដែរ បើតាមសារព័ត៌មាន The Mirror អ្នកគាំទ្រជម្រើសជាតិ​បារាំងម្នាក់អាយុ ៥០ឆ្នាំ បានបាក់កស្លាប់​បន្ទាប់ពីរូបគេលោតចូល ប្រឡាយទឹក​មួយក្នុងទីក្រុង Annecy នៅពេលក្រុមមាន់​គកបារាំងទទួល​បានជ័យជម្នះ ខណៈអ្នកគាំទ្រ​ម្នាក់ទៀតបានស្លាប់នៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍បើក​រថយន្ដបុក​ដើម​ឈើ ដែលត្រូវបានគេជឿជាក់ថា ដោយសារតែអបអរជ័យជម្នះដូចគ្នា​៕