(ឡាវ)៖ តាមរៈរបាយការណ៍មួយរបស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេសឡាវកំពុងដើរលើផ្លូវឆ្ពោះទៅការលេចត្រដែតឡើង កា្លយជាប្រទេសមួយដ៏សំខាន់នៅក្នុងតំបន់ ខណៈបណ្ដាក្រុមហ៊ុនបរទេសចាត់ទុកថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺ ជាចំណុចកណ្តាលផលិតកម្មនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ខាងលើដដែល ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាលឡាវ ដែលបង្ហាញថា ការនាំចេញផលិតផលអេឡិចត្រូនិកពាក់កណ្ដាលសម្រេច ទូរគមនាគមន៍ និងបរិក្ខាអេឡិចត្រូនិក បានកើនឡើងនារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញសេដ្ឋកិច្ចខ្លះក៏បានព្យាករណ៍ដែរថា ការរីកចំរើននឹងធ្វើឱ្យឡាវរះត្រដែតឡើង ក្លាយជាមូលដ្ឋាននៃសង្វាក់ផលិតកម្មនៅក្នុងតំបន់ ក៏ដូចជាអាចនឹងទាក់ទាញក្រុមហ៊ុនវិនិយោគបរទេសកាន់តែច្រើន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់ធនាគារពិភពលោក World Bank ទំហំនាំចេញផលិតផលរោងចក្ររបស់ឡាវក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះបានកើនឡើងពី ២៧០លានដុល្លារកាលពីឆ្នាំ២០១៣ ឡើងទៅដល់ ៧៨០លានដុល្លារក្នុងឆ្នាំ២០១៧ ដែលនេះពិតជាអត្រាដ៏ខ្ពស់មួយ ដែលបានជួយជម្រុញកំណើនសេដ្ឋកិច្ច នៃប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រមួយនេះ ឲ្យកាន់តែកើនឡើងបន្ថែមទៀត៕