News Update: ប៉ាគីស្ថាន៖ មនុស្សស្លាប់កើនដល់១៤៩នាក់ និងរបួស១៨៩នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគនិរតីប្រទេស!
16-07-2018 11:53
(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងនៅចំពេលនៃការជួបជុំគ្នាយ៉ាងធំសម្បើម នៃក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយនៅក្រុង ម៉ាស្តាំង (Mastung) នៃខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតីប្រទេសប៉ាគីស្ថានបានកើនដល់ ១៤៩នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការវាយប្រហារខាងលើមានគោលដៅ ចំពោះអ្នកនយោបាយឈ្មោះ ណាវ៉ាបហ្សាដា ស៊ីរ៉ាច រ៉ៃសានី (Nawabzada Siraj Raisani)។ ភ្លាមៗក្រោយការវាយប្រហារលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃក្រុង ក្វេតតា (Quetta) ប៉ុន្តែបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ សម្រាប់អ្នករបួសជាង ១៨៩នាក់ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃក្រុង ម៉ាស្តាំង (Mastung) និង Quetta ផងដែរ។
ទន្ទឹមនេះដែរក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួនខណៈការកាន់ទុក្ខរយៈពេល ពីរថ្ងៃនឹងត្រូវធ្វើឡើងសម្រាប់ជនរងគ្រោះ ក្នុងសោកនាដកម្មដ៏អាក្រក់នេះ។
គួរជម្រាបថា ការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺការវាយប្រហារអាក្រក់ជាងគេបំផុត នៅចំពោះមុខការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដែលមានគោលដៅលើអ្នកនយោបាយ ដែលមានភាពមមាញឹករៀបចំកិច្ចប្រជុំ និងការជួបជុំជាមួយអ្នកគាំទ្រនៅមុនការបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដានេះ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលត្រឹម ០៦សប្ដាហ៍មកនេះ ការវាយប្រហារចំនួន ១២០លើក បានបន្សល់ទុកមនុស្សសរុបប្រមាណ ១៥៨នាក់ស្លាប់ និងជាង ៦៧០នាក់រងរបួស៕