(ហែលស៊ីនគី)៖ ប្រធានាធិបតីអាមេរិក ទីបំផុតបានធ្វើដំណើរទៅដល់ទីក្រុងហែលស៊ីនគី នៃប្រទេសហ្វាំងឡង់ហើយ ដើម្បីត្រៀមខ្លួនបើកកិច្ចប្រជុំផ្លូវការជាលើកដំបូង ជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅចំពោះមុខភាពតានតឹងជាច្រើន ហើយក្នុងនោះក៏មានក្រុមបាតុករ ដែលកំពុងរៀបចំសម្តែងការប្រឆាំងចំពោះជំនួបកំពូលនេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ដោយធ្វើដំណើរដោយផ្ទាល់ចេញពីស្កុតឡែន នៅក្រោយការបំពេញទស្សនកិច្ចជិតមួយសប្តាហ៍នៅចក្រភពអង់គ្លេស លោក ត្រាំ នឹងបើកកិច្ចពិភាក្សាជាមួយលោក ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះ តាមរយៈការប្រើប្រាស់អ្នកបកប្រែសុទ្ធសាធ ហើយមេដឹកនាំប្រទេសទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំនេះ។ លោក ពូទីន ក៏នឹងទៅដល់ក្រុងហែលស៊ីនគី នាពេលឆាប់ៗផងដែរ។
គួរជម្រាបថា កិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើង នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងប្រទេសលោកខាងលិចទៅលើបញ្ហាទាក់ទិននឹងប្រទេសអ៊ីរ៉ង់ ស៊ីរី និងតំបន់គ្រីមៀ ព្រមទាំងការទាស់ទែងគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញវិស័យពាណិជ្ជកម្ម និងការពារជាតិ។ ម៉្យាងវិញទៀត កាលពីប៉ុន្មានថ្ងៃមុន រដ្ឋអាជ្ញាពិសេសអាមេរិក ទើបតែបានចោទប្រកាន់មន្រ្តីរុស្ស៊ី ១២រូប អំពីការលូកលាន់ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ប៉ុណ្ណោះ ដែលឈានឲ្យមានការអំពាវនាវលុបចោលជំនួបនេះថែមទៀត។
នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន សន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង ខណៈដែលការធ្វើបាតុកម្មត្រូវគ្រោងរៀបចំឡើង ដើម្បីប្រឆាំងនឹងកិច្ចប្រជុំ ក៏ដូចជាប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិកផ្ទាល់តែម្តង៕