(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកក្នុងទីក្រុង ឈីកាហ្គោ (Chicago) បានប៉ះទង្គិចដោយហិង្សាជាមួយក្រុមបាតុករ បន្ទាប់ពីប៉ូលិសម្នាក់បានបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ដែលសង្ស័យថា អាចនឹងបង្កគ្រោះថ្នាក់ជាមួយកាំភ្លើងនៅក្នុងដៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងក្រុមបាតុករមានគ្នាប្រហែលជា ១៥០នាក់ បានកើតឡើងនៅក្នុងតំបន់ សោតស៍ ស័រ (South Shore) នៃទីក្រុង Chicago ក្រោយក្រុមបាតុករខ្លះបានគប់របស់របរ និងឡើងជាន់រថយន្ដប៉ូលិស អមជាមួយការស្រែកខ្លាំងៗឡើងថា «ឃាតកៗ»។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ក៏បានឱ្យដឹងដែរថា នៅក្នុងការប៉ះទង្គិចគ្នានេះ ប៉ូលិសបីនាក់រងរបួសស្រាល និងបាតុករបួននាក់ត្រូវបានចាប់ខ្លួន ហើយក្រុមបាតុករទាំងអស់ត្រូវបានបំបែកនៅ ២២៖៣០នាទី (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះ ហារិត អូហ្គូសទូស (Harith Augustus) អាយុ ៣៧ឆ្នាំ ត្រូវបានប៉ូលិសក្នុងទីក្រុង Chicago បាញ់សម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយសង្ស័យថា រូបគេអាចនឹងបង្កការបាញ់ប្រហារជាមួយកាំភ្លើងនៅក្នុងដៃ។ ប៉ុន្តែសាក្សីខ្លះបានអះអាងថា បុរសរូបនេះគ្មានកំហុសអ្វីទាំងអស់ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលប៉ូលិសអាមេរិកត្រូវបានគេចោទប្រកាន់ថា មានភាពរើសអើងលើជនជាតិស្បែកខ្មៅ៕