(ហែលស៊ីនគី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រទេសរុស្ស៊ី សហភាពអឺរ៉ុប និងចិនថា «ជាសត្រូវ» នៅមុនពេលលោកហោះទៅកាន់ទីក្រុង ហែលស៊ីនគី (Helsinki) ប្រទេសហ្វាំងឡង់ ដើម្បីចូលរួមក្នុងជំនួបកំពូលមួយទល់នឹងមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានជិះយន្ដហោះចាកចេញពីប្រទេសស្កុតឡែនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានហៅថា រុស្ស៊ី សហភាព អឺរ៉ុប និងចិនថាជាសត្រូវនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាមេរិក CBS។ នាឱកាសនោះ លោក ត្រាំបានលើកឡើងដូច្នេះថា «បច្ចុប្បន្នអ្នកមិនអាចគិតពីសហភាពអឺរ៉ុបឡើយ ប៉ុន្តែពួកគេគឺសត្រូវ (សេដ្ឋកិច្ច)។ រុស្ស៊ីគឺសត្រូវដែលមានពេលខ្លះត្រូវគោរព រីឯចិនគឺជាសត្រូវសេដ្ឋកិច្ច។ ពិតណាស់ពួកគេគឺជាសត្រូវ ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេអាក្រក់នោះទេ... វាគឺមានន័យថា ពួកគេគឺជាគូប្រជែង»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវជួបគ្នាក្នុងទីក្រុង Helsinki នៅថ្ងៃចន្ទនេះ ហើយគេក៏រំពឹងដែរថា ជំនួបកំពូលនេះអាចនឹងផ្ដល់ឱកាសឱ្យមេដឹកនាំមហាអំណាចយោធាកំពូលផ្តាច់គេលើលោកទាំងពីរ ស្វែងរកវិធានការបន្ធូរបន្ថយការប្រឈមុខមុខដាក់គ្នាលើសំណុំរឿងជាច្រើន ក្នុងនោះរួមមានវិបត្តិនៅស៊ីរី អ៊ីរ៉ង់ ការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងបញ្ហាភាគខាងកើតអ៊ុយក្រែន ដែលសហភាពអឺរ៉ុបកំពុងតាមដានមិនព្រិចភ្នែក ជុំវិញជំនួបរវាងមេដឹកនាំទាំងពីរនេះ៕