​(វ៉ាស៊ីនតោន)៖ ​កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានឈាន​ដល់កិច្ចព្រមព្រៀង​ស្ដីពីការចាប់​ផ្ដើមឡើងវិញ​ ការស្វែងរកអដ្ឋិធាតុ​កងទ័ពអាមេរិក​រាប់ពាន់នាក់​ ដែលបានបាត់បង់ជីវិត​នៅក្នុងសង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣)។ នេះបើតាមរដ្ឋ​មន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)​​ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើង​ នៅអំឡុងកិច្ចប្រជុំថ្នាក់​ឧត្ដមសេនីយ៍​ រវាងប្រទេស​ទាំងពីរ ដែលបាន​យល់ព្រមថា នឹងចាប់ផ្ដើម​ពិភាក្សាគ្នា​ជុំវិញការ រៀបចំការធ្វើ​មាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុកងទ័ព​អាមេរិក។ លើសពីនេះ​ទៅទៀត កាលពីខែមិថុនា សហរដ្ឋអាមេរិក​បានបញ្ជូនមឈូស​ទៅកាន់​ភូមិ Panmunjom ហើយដើម្បី​ត្រៀមទទួលអដ្ឋិធាតុ​កងទ័ព​របស់ខ្លួន។

គួរបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុកងទ័ពអាមេរិក​លើកចុងក្រោយ​ដោយ​កូរ៉េខាងជើង ធ្វើឡើងកាលពី​ឆ្នាំ២០០៧ ហើយ​អដ្ឋិធាតុកងទ័ព​អាមេរិកច្រើនជាង ៤៤០នាក់​ ត្រូវបានបញ្ជូន​ត្រឡប់ទៅកាន់​សហរដ្ឋអាមេរិកវិញ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ២០០៧។ ប៉ុន្តែ​ប្រតិបត្តិការនេះ​ត្រូវបានផ្អាក​ ដោយសារភាពតាន​តឹងរវាងទីក្រុង​ព្យុងយ៉ាង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹងកម្មវិធីអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប​របស់​កូរ៉េខាងជើង៕