(ស៊ីដនី)៖ វាជាការកែទម្រង់មួយគួរឲ្យកត់សម្គាល់ ចំពោះអាជ្ញាធររដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដែលនឹងផ្តល់ការអនុញ្ញាតឲ្យក្មេងស្រីៗសិស្សសាលាទាំងអស់ នៅក្នុងរដ្ឋភាគឦសានប្រទេសមួយនេះ ស្លៀកនូវសំលៀកបំពាក់ដែលគេប្រាថ្នាដូចជា ខោខ្លី និងខោទៅអង្គុយរៀនបានចាប់ពីឆ្នាំក្រោយតទៅ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីអប់រំប្រចាំរដ្ឋ Queensland លោកស្រី Grace Grace បាននិយាយថា «យើងបានដឹងថា សិស្សសាលាប្រមាណ ៦០ភាគរយ នៅក្នុងរដ្ឋរបស់យើងនេះ បានស្នើឲ្យមានការលើកលែងឯកសណ្ឋានបែបនេះសម្រាប់សិស្សនារី ប៉ុន្តែកន្លងមកនេះសាលារៀនមួយចំនួនមិនទាន់បានធ្វើការកែសម្រួលបទបញ្ជា ទៅតាមការចង់បាននេះឡើយ»។
បើតាមការមន្ត្រីជាន់ខ្ពស់ខាងលើនេះបញ្ជាក់ថា ក្មេងស្រីៗគួរតែអាចចូលរួមសកម្មភាពនានានៅក្នុងសាលារៀន ឬក៏ជិះកង់មកសាលារៀនដោយគ្មានការរំខានដោយសារតែសំលៀកបំពាក់ពួកគេកំពុងស្លៀកនោះឡើយ។ ការធ្វើបែបនេះអាចឲ្យសិស្សស្រីៗធ្វើការលេងបាល់ទាត់ បាល់បោះ ឡើងដើមឈើអានសៀវភៅ និងចូលទៅកន្លែងផ្សេងៗទៀត ដើម្បីកម្សាន្ត ដែលពីមុនត្រូវបានហាមឃាត់៕