(អាមេរិក)៖ បណ្តាញសង្គមយក្ស Twitter ដែលមេដឹកនាំកំពូលៗ និងអ្នកនយោបាយល្បីៗនៃប្រទេសជាច្រើនចូលចិត្តប្រើប្រាស់ ដើម្បីធ្វើទំនាក់ទំនងជាមួយមហាជនទូទៅនោះ ពេលនេះបានប្រកាសថា គណនីចំនួនពីរដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរុស្ស៊ីសរុបចំនួន ១២រូប ត្រូវបានក្រុមការងាររបស់ Twitter Inc សម្រេចផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ការបិទគណនីចំនួន ០២ ជាបណ្តោះអាសន្នខាងលើនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចោទប្រកាន់ត្រូវបានធ្វើឡើងជាផ្លូវការ ដោយរដ្ឋអាជ្ញាពិសេស លោក រ៉ូបឺត មូលើ (Robert Mueller) ជាអតីតនាយកស្ថាប័ន FBI និងបច្ចុប្បន្នជាអ្នកដឹកនាំការស៊ើបអង្កេតទៅលើរឿងអាស្រូវដែលចោទថា រដ្ឋាភិបាលរុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងទៅលើរឿងថា តើមានសមាជិកណាមួយ នៃក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ មានឃុបឃិតជាមួយទីក្រុងម៉ូស្គូដែរ ឬអត់។
គួរបញ្ជាក់ថា មន្ត្រីរុស្ស៊ីទាំង ១២រូប ដែលបានទទួលរងការចោទប្រកាន់ពីសំណាក់ក្រុមរដ្ឋអាជ្ញាពិសេសអាមេរិកនោះ គឺត្រូវបានគេដឹងថា ជាមន្ត្រីបម្រើការងារផ្នែកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ ជុំវិញបញ្ហានេះដែរ ខាងមន្ត្រីបក្សប្រជាធិបតេយ្យរបស់អាមេរិក បានអំពាវនាវឲ្យលោក ដូណាល់ ត្រាំ លុបចោលជំនួបជាមួយលោក ពូទីន ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយនេះជាបន្ទាន់ ប៉ុន្តែខាងសេតវិមានបានច្រានចោលការអំពាវនាវនេះរួចទៅហើយ៕