(កូឡាឡាំពួរ)៖ ទីបំផុតខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA Welterweight Championship ក្រោយផ្តួលកីឡាករអាហ្សង់ទីន Lucas Matthysse អោយបោះបង់ការប្រកួតពាក់កណ្តាលផ្លូវត្រឹមទឹកទី៧ ប៉ុណ្ណោះ
ការប្រកួតដែលបានធ្វើឡើងនៅទឹកដីកណ្តាលនៅសង្វៀន Axiata Arena ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ នៃបហរទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
គ្រាន់តែចាប់ផ្តើមការប្រកួតភ្លាម កីឡាករហ្វីលីពីន វ័យ៣៩ឆ្នាំ បានបើកការវាយសម្រុកទៅលើម្ចាស់ខ្សែក្រវាត់ Matthysse យ៉ាងសន្ធាប់ តែក៏ត្រូវបានកីឡាករប្អូន៤ឆ្នាំវាយសងវិញផងដែរ មុនពេលត្រូវ១ដៃស្តាំរបស់ Pac Man នៅដើមទឹកទី២។
យ៉ាងណាមិញ ការសម្រុកច្រើនរបស់ Pacquiao មិនអត់ប្រយោជន៍ឡើយ ពោលគឺបានវាយគូប្រជែងអោយអុកគូថនៅវគ្គទី៣ និងលុតជង្គង់២ដងក្នុងទឹកទី៥ និងទឹកទី៧ រហូតធ្វើអោយ Matthysse បោះបង់ការប្រកួតចុងទឹកតែម្តង ជាងពាក់កណ្តាលផ្លូវក្នុងការប្រកួត ១២ទឹក (៣នាទី ក្នុង១ទឹក)។
នេះជាជ័យជម្នះលើកទី៦០ ពីប្រវត្តិប្រកួតបាន៦៩ដង ក្រៅពីចាញ់៧ដង និងស្មើ២ដង ជាមួយនឹងការផ្តួលដៃគូអោយសន្លប់បាន ៣៩ដង និងជាការផ្តល់ការចាញ់លើកទី៥ សម្រាប់ Lucas Matthysse ក្រៅពីឈ្នះ៣៩ដង មិនដែលស្មើ ពីការឡើងវាយសរុបបាន ៤៥ដង មាន១ដងទុកជាមោឃ:។
ការឈ្នះនេះ Manny Pacquiao ទទួលបានខ្សែក្រវាត់ WBA មួយ រួមទាំងទឹកប្រាក់ ២លានដុល្លារ ខណ: Lucas Matthysse បាត់បង់ខ្សែដែលទើបគ្រប់គ្រងបាន៦ខែ ទទួលបាន ៥០ម៉ឺនដុល្លារផងដែរ៕