(ហែលស៊ីនគី)៖ ទីក្រុងហែលស៊ីនគីដែលជារដ្ឋធានីនៃប្រទេសហ្វាំងឡង់ គឺកំពុងតែរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខខ្ពស់បំផុត ដើម្បីត្រៀមទទួលមេដឹកនាំមហាអំណាចយោធាកំពូលៗទាំងពីរនៅលើពិភពលោក គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមកជួបគ្នាជាលើកដំបូងនៅទីនេះ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ទីក្រុងហែលស៊ីនគី ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាចំណុចដ៏មមាញឹកមួយនៃចរន្តលំហូរសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប ខណៈគ្រាន់តែកំពុងផែអន្តរជាតិនៅទីនេះ ក៏ស្ទើរតែធ្វើឲ្យទីក្រុងទាំងមូលរកពេលសម្រាកស្ទើរគ្មានទៅហើយ។ ការជ្រើសរើសយកទីក្រុងចំណាស់ នៃទ្វីបអឺរ៉ុបមួយនេះ ធ្វើជាទីស្វាគមន៍ជំនួបកំពូល ត្រាំ-ពូទីន គឺមិនមែនជារឿងចៃដន្យឡើយ ដោយថ្នាក់ដឹកនាំពិធីការនៃប្រទេសទាំងពីរ បានគិតគូរអំពីភាពងាយស្រួល នៃមេដឹកនាំទាំងពីរ ព្រោះតំបន់នេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី និងស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដែលចំពេលលោក ត្រាំ ទើបបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO។
បន្ថែមពីនេះទៀត បើយើងរំលឹកអំពីប្រវត្តិសាស្ត្របន្តិច គឺកាលពីជំនួបនៃអតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George Bush) និងអតីតមេដឹកនាំសហភាពសូវៀតលោក មីហែល ហ្គោបាឆូវ (Mihail Gorbachov) ក៏បានជ្រើសរើសយកទីតាំងដ៏ប្រពៃខាងលើនេះ ធ្វើកន្លែងបើកកិច្ចជំនួបកំពូលជាប្រវត្តិសាស្ត្រផងដែរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយាក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO និងទស្សនកិច្ចនៅចក្រភពអង់គ្លេស ដែលសុទ្ធសឹងតែបានបង្កភាពចម្រូងចម្រាស់ទាំងអស់នោះ លោកបានឈប់សម្រាកមួយថ្ងៃ នៅទីសំណាក់លំហែកាយរបស់លោក នាប្រទេសស្កុតឡិន ហើយនៅល្ងាចថ្ងៃអាទិត្យនេះ លោក និងភិរយា នឹងត្រូវធ្វើដំណើរទៅទីក្រុងហែលស៊ីនគី ជាទីដែលលោកត្រូវជួបលោក ពូទីន នៅថ្ងៃចន្ទស្អែកនេះ៕