(ស្កុតឡែន)៖ ក្រោយពីបានបំពេញទស្សនកិច្ច ជិតមួយសប្តាហ៍កន្លងមកនៅតំបន់អឺរ៉ុប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចំណាយពេលវេលានាចុងសប្តាហ៍នេះ ដើម្បីសម្រាកនៅឯរីសតផ្ទាល់ខ្លួនរបស់លោកនៅឯប្រទេសស្តុកឡែន មុនត្រូវបន្តដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន ក្លាសហ្គូវ ព្រែសវីក (Glasgow Prestwick) នៃប្រទេស្តុតឡែន លោក ដូណាល់ ត្រាំ និងភរិយាកំពុងស្នាក់នៅក្នុងរីសតវាយកូនហ្គោលដ៏ប្រណិតមួយកន្លែងរបស់លោក នៅតំបន់ ធើនប៊ឺរី (Turnberry) ភាគនិរតីពីទីក្រុង Glasgow។ ការចំណាយពេលវេលានៅស្តុតឡែន គឺជាឱកាសសម្រាកលំហែកាយ នៃដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបរបស់លោក នៅមុនការបើកកិច្ចប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន នៅក្រុងហែលស៊ីនគី (Helsinki) ប្រទេសហ្វាំងឡង់។
គួរជម្រាបថា ការមកដល់ស្តុតឡែនត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានបំពេញដំណើរទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាមេដឹកនាំអាមេរិក នៅឯទីក្រុងឡុងដ៍ ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី និងចូលគាល់ព្រះមហាក្សត្រីយ៍អង់គ្លេស៕