(អាមេរិក)៖ ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក កែយឺតអវកាសថ្មីបំផុតរបស់អង្គការ NASA ដែលមានតួនាទីប្រមាញ់រុករកភព នឹងចាប់ផ្តើមបេសកកម្មរបស់វា នៅមុនដំណាច់ខែកក្កដានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
កែវយឺតអវកាស TESS ដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ តាមគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នោះកំពុងឆ្លងកាត់ការធ្វើតេស្តសាកល្បងផ្សេងៗនៅឡើយទេ នាខណៈពេលនេះ ប៉ុន្តែពួកវានឹងត្រូវបញ្ចប់ទៅនាពេលឆាប់ៗ បើតាមការអះអាងពីក្រុមមន្រ្តីនៃទីភ្នាក់ងារអវកាសអាមេរិក NASA។
កិច្ចការរបស់ TESS នឹងពាក់ព័ន្ធទៅនឹងសង្កេតមើលផ្កាយរាប់សែនដួង នៅក្បែរខាងនឹងព្រះអាទិត្យ ដើម្បីស្វែងរកការថយចុះនៃពន្លឺ ដែលបង្កឡើងដោយការធ្វើគោចររបស់ភព ឆ្លងកាត់ពីមុខផ្កាយមេរបស់ពួកវា។ វីធីសាស្រ្តនេះត្រូវបានប្រើប្រាស់ និងទទួលជោគជ័យយ៉ាងធំធេង ដោយកែវយឺតអវកាស Kepler រួចមកហើយ ពីព្រោះថានាពេលកន្លងមកនេះ ៧០ភាគរយ នៃភពអេលៀនដែលយើងស្គាល់ប្រមាណ ៣,៧៥០ភព ត្រូវបានរកឃើញដោយកែវយឺត Kepler នេះ។
គួរជម្រាបថា បេសកម្មចម្បងរបស់កែវយឺតអវកាស TESS ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅយ៉ាងតិច ០២ឆ្នាំ ដោយភាពនឹងត្រូវប្រើដើម្បីអង្កេតក្រុមផ្កាយមួយជ្រុងផ្សេងថ្មី ខុសពីតំបន់ដែល Kepler ធ្លាប់ធ្វើការអង្កេត៕