(ឡុងដ៍)៖ មុនបន្តដំណើរចាកចេញពីទីក្រុងឡុងដ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រព្រឹត្តរឿងខុសឆ្គងមួយចំនួន នៅក្នុងឱកាសនៃការចូលគាល់ព្រះមហាក្សត្រីយ៍អង់គ្លេស អាលីហ្សាប៊ែតទីពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Daily Mail នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
នាអំឡុងការចូលគាល់ម្ចាស់ក្សាត្រីយ៍អេលីហ្សាប៊ែត លោក ដូណាល់ ត្រាំ បានធ្វើរឿងខុសឆ្គងមួយចំនួន ដែលផ្ទុយនឹងឋទំនៀមទំលាប់របស់រាជវង្សអង់គ្លេស ក្នុងនោះរួមមានទាំងការដែលលោកប្រធានាធិបតីអាមេរិកបានទុកឲ្យម្ចាស់ក្សត្រីយ៍ដែលមានព្រះជន្ម ៩២ព្រះវស្សាអង្គនេះ នៅឈររង់ចាំអស់រយៈពេលចន្លោះពី ១២នាទី ទៅ ១៥នាទី ក្រោមផ្ទៃមេឃដ៏ក្តៅ នៅពេលដែលរូបលោកបានមកយឺត នៅក្នុងការចូលគាល់នាថ្ងៃសុក្រសប្តាហ៍នេះ។
មួយវិញទៀតលោក ដូណាល់ ត្រាំ បានប្រព្រឹត្តផ្ទុយពីទំនៀមទំលាប់រាជវង្សអង់គ្លេស តាមរយៈការមិនឱនគោរពដាក់ម្ចាស់ក្សត្រីយ៍ ហើយជំនួសវិញនូវការស្វាគមន៍រាក់ទាក់ តាមរយៈការចាប់ដៃដូចមេដឹកនាំធម្មតា។ ចំណែកឯជំទាវទីមួយអាមេរិកលោកស្រី មេឡានា ក៏បានធ្វើដូចស្វាមីរបស់ខ្លួនផងដែរ ខណៈកាយវិការត្រឹមត្រូវដែលលោកស្រីត្រូវធ្វើ គឺការបន្ទន់ជង្គង់គោរពទៅវិញទេ។
ដោយឡែកអ្វីដែលដែលត្រូវបានមើលឃើញថា ជារឿងដ៏ឆ្គងបំផុតនោះ គឺនៅពេលដែលមេដឹកនាំអាមេរិករូបនេះ បានបែរខ្នងដាក់ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ហើយបោះជំហានដើរទៅមុនម្ចាស់ក្សត្រីយ៍អង់គ្លេស ស្របពេលដែលអ្នកទាំងពីរ ដើរឆ្លងកាត់ពីខាងមុខកងកិត្តិយស។
គួរជម្រាបថា រឿងទាំងអស់នេះបានទទួលរងការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយលោក ត្រាំ ត្រូវគេចោទប្រកាន់ថា បានប្រព្រឹត្តទង្វើដែលក្រអឺតក្រទម និងគ្មានការគោរព។ លោក ត្រាំ និងភរិយាបានឡើងយន្តហោះចាកចេញពីអង់គ្លេសហើយ ដើម្បីបន្តដំណើរទស្សនកិច្ចឆ្ពោះទៅកាន់ប្រទេសស្កុនឡែនថែមទៀត៕