(សៀងហៃ)៖ ខ្យល់ព្យុះ ផ្គររន្ទះ និងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាកំពុងតែវាយលុកយ៉ាងចាស់ដៃទៅលើប្រទេសចិន ដោយទឹកជំនន់ដែលជន់ជោរពីដងទន្លេធំៗបានបំផ្លិចបំផ្លាញស្ពាន ធ្វើឲ្យកកស្ទះកំណាត់ផ្លូវថ្នល់ និងផ្លូវដែក ព្រមទាំងបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយក៏បានបណ្តាលឲ្យមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរឧតុនិយមចិន បាននិងកំពុងព្យាករណ៍ឃើញថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងថែមទៀតនៅពាសពេញផ្ទៃប្រទេសឈានចូលមកដល់ថ្ងៃសៅរ៍នេះ ដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី ត្រូវគេរំពឹងថានឹងកើតមាននៅខេត្តស៊ីឈាន់ភាគនិរតី។ ជាមួយគ្នានេះនៅតំបន់ភាគឦសាន ក៏មានការព្រមានអំពីគ្រោះទឹកជំនន់ ហើយប្រជាជននៅទីនោះ ត្រូវបានអំពាវនាវឲ្យកុំឲ្យរៀបចំពិធីអ្វីនៅខាងក្រៅ ហើយប្រុងប្រយ័ត្នចំពោះការស្រុតរលំនៃអគារ។
ទន្លេងាយជន់លិច Yangtze ដែលរត់ពីខេត្ត Yunnan ភាគនិរតីទៅនៅខេត្ត Jiangsu និងក្រុងសៀងហៃនៅឆ្នេរភាគខាងកើតនោះ មានការកើនឡើងកម្ពស់ទឹកជាខ្លាំង ដែលវាបានបណ្តាលឲ្យមានការជន់លិច តំបន់នៅតាមដៃទន្លេនានា ហើយធ្វើឲ្យកម្រិតទឹកនៃទំនប់ទឹកយក្ស Three Gorges កើនឡើងខ្លាំងថែមទៀត។ ចំណែកទន្លេលឿងនៅភាគខាងជើងប្រទេស ក៏បានជន់លិច និងបង្កភាពរាំងស្ទះដល់កំណាត់ផ្លូវដែកនៃខេត្តភាគពាយ័ព្យ Shannxi ផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្លូវហៃវ៉េជាង ១០ខ្សែ នៅខេត្តស៊ីឈាន់ មិនអាចត្រូវប្រើប្រាស់បានដោយសារតែទឹកជំនន់ ហើយស្ពានមួយខ្សែឆ្លងកាត់ទន្លេ Min របស់ខេត្តបានបាក់ស្រុត។ ទឹកជំនន់នៅក្នុងខេត្តភាគនិរតីនេះ បានបង្កការខូចខាតសរុបគិតជាទឹកប្រាក់ប្រមាណ ៣៦០លានដុល្លារ គិតត្រឹមសប្តាហ៍នេះ។ ជាមួយគ្នានេះ នៅក្រុងក្បែរខាងគ្នា Chingqing វិញបានជម្លៀសមនុស្សជាង ៨០,០០០នាក់។
គួរជម្រាបថា ក្រៅពីនេះនៅខេត្ត Gansu នៅភាគពាយ័ព្យបានរាយការណ៍ថា មានមនុស្ស ១២នាក់បាត់បងជីវិត និងជាង១លាននាក់បានទទួលរងផលប៉ះពាល់ ដោយការធ្លាក់ភ្លៀង និងទឹកជំនន់នេះ ខណៈតំបន់ស្វយ័តម៉ុងហ្គោល ដែលធម្មតាធ្លាប់តែរាំងស្ងួតនោះ ក៏បានចេញសារព្រមានពីគ្រោះទឹកជំនន់ផងដែរ៕