(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងចំការជួបជុំគ្នាយ៉ាងធំសម្បើម នៃក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយ នៅក្រុង Mastung នៃខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន បានកើនដល់១២៨នាក់ហើយ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ការវាយប្រហារខាងលើ មានគោលដៅចំពោះអ្នកនយោបាយឈ្មោះ Nawabzada Siraj Raisani។ ភ្លាមៗក្រោយការវាយប្រហារលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃក្រុង Quetta ប៉ុន្តែបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ សម្រាប់អ្នករបួសជាង១០០នាក់ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៃក្រុង Mastung និង Quetta ផងដែរ។
ទន្ទឹមនេះដែរ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួន ខណៈការកាន់ទុក្ខរយៈពេលពីរថ្ងៃនឹងត្រូវធ្វើឡើងសម្រាប់ជនរងគ្រោះ ក្នុងសោកនាដកម្មដ៏អាក្រក់នេះ។
គួរជម្រាបថា ការវាយប្រហារនាថ្ងៃសុក្រសប្តាហ៍នេះ គឺករណីទីបីនិងអាក្រក់ជាងគេបំផុត នៅចំពោះមុខការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដែលមានគោលដៅលើអ្នកនយោបាយ ដែលមានភាពមមាញឹករៀបចំកិច្ចប្រជុំនិងការជួបជុំជាមួយអ្នកគាំទ្រ នៅមុនការបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដានេះ។ ក្នុងរយៈពេលត្រឹម០៤ថ្ងៃប៉ុណ្ណោះ ការវាយប្រហារដោយក្រុមភេរវករ បានបន្សល់ទុកមនុស្សសរុបប្រមាណ១៥០នាក់ស្លាប់ និងជាង២០០នាក់រងរបួស៕