(ហាវ៉ៃ)៖ យោធាអាមេរិក និងកងស្វ័យការពារនៃប្រទេសជប៉ុនបានសហការគ្នា ធ្វើតេស្តមីស៊ីលរបស់ជប៉ុន Type 12 ដែលជាប្រភេទវាយប្រហារចេញពីផ្ទៃដីទៅកាន់នាវា ហៅកាត់ថា SSM-12 តាមរយៈការបាញ់មីស៊ីលនេះ ទៅកាន់នាវាមួយគ្រឿង នៅចម្ងាយជិត១០០គីឡូម៉ែត្រពីឆ្នេរនៃកោះ កូអៃ (Kauai) របស់រដ្ឋហាវ៉ៃ នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ការធ្វើតេស្តខាងលើ ដែលកើតមាននៅក្នុងអំឡុងនៃការធ្វើសមយុទ្ធយោធាជើងទឹក Rim of Pacific ឬ RIMPAC 2018 ត្រូវបានធ្វើឡើង ក្រោមគោលដៅស្ទាបស្ទង់លើសមត្ថភាព ក្នុងការទាក់ទងគ្នាដោយប្រសិទ្ធភាព ដើម្បីសម្របសម្រួលការវាយប្រហារ។ ប្រតិបត្តិការនេះអាចចាត់ទុកថា ជាឱកាសប្រវត្តិសាស្រ្តមួយរវាងកងទ័ពអាមេរិក និងជប៉ុន ខណៈពេលកម្លាំងនៃប្រទេសទាំងពីរ បានធ្វើការងារជាមួយគ្នាយ៉ាងសកម្ម។
គួរជម្រាបថា សមយុទ្ធយោធា RIMPAC ដែលមានការចូលរួមពីប្រទេសចំនួន ២៥ នាវាចម្បាំង ៤៦គ្រឿង, នាវាមុជទឹក ០៥គ្រឿង, និងយន្តហោះចម្បាំងជាង ២០០គ្រឿង រួមជាមួយកងទ័ពប្រមាណ ២៥,០០០នាក់ នៅហាវ៉ៃនោះនឹងបញ្ចប់នៅថ្ងៃទី០២ ខែសីហាខាងមុខ៕