(អាមេរិក)៖ ដូចដែលយើងធ្លាប់បានដឹងហើយថា ផែនដីមានដែនម៉ាញេទិចតែមួយប៉ុណ្ណោះ ប៉ុន្តែនាពេលថ្មីៗនេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទំនងទើបតែបានរកឃើញស្រទាប់ម៉ាញេទិចទី ២ នៅហ៊ុមព័ទ្ធជុំវិញភពរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Science Alert នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ផ្កាយរណប ០៣គ្រឿង ដែលកំពុងសិក្សាទៅលើដែនម៉ាញេទិចនៃភពរបស់យើង បានបង្ហាញពីព័ត៌មានលម្អិតនៃស្រទាប់ម៉ាញេទិចមួយផ្សេងទៀត ដែលបង្កើតឡើងចេញពីជំនោរនៃមហាសមុទ្រ។ ការប្រមូលទិន្នន័យរយៈពេល ០៤ឆ្នាំ ដោយបេសកកម្ម Swarm របស់ ESA បានចូលរួមចំណែកយ៉ាងធំធេង ទៅក្នុងការកំណត់ផែនទីនៃដែនម៉ាញេទិចថ្មីនេះ ដែលអាចជួយអ្នកវិទ្យាសាស្រ្តឲ្យបង្កើតគំរូកាន់តែល្អជាងមុន នៅជុំវិញបញ្ហាកើនឡើងកំដៅផែនដី។
គួរជម្រាបថា ដែនម៉ាញេទិចខាងលើ គឺមានទំហំតូចប៉ុណ្ណោះ និងខ្សោយជាងដែនម៉ាញេទិច ដែលការពារផែនដីដល់ទៅ ២០,០០០ដង ប៉ុន្តែកម្លាំងម៉ាញេទិច គឺតែងតែមានប្រយោជន៍សម្រាប់ការពារភពផែនដីរបស់យើង ពីវត្ថុអវកាសមួយមួយចំនួន ជាពិសេសគឺរលកវិទ្យុសកម្មដ៏អាក្រក់ពីព្រះអាទិត្យ ដែលអាចគំរាមកំហែងអាយុជីវិតលើភពផែនដី។
សម្រាប់របកគំហើញនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររបស់ ESA អង្កេតដឹងតាំងតែពីខែមេសា ឆ្នាំ២០១៨មកម្ល៉េះ ដោយរហូតមកទល់នឹងពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមសិក្សាអំពីវានៅឡើយ ដើម្បីបានដឹងពីទំហំពិតប្រាកដ និងមូលហេតុដែលវាត្រូវបានបង្កើតឡើង និងថាតើវាជាកម្លាំងម៉ាញេទិច ដែលមាននិរន្តរភាព ឬទេ៕