(បរទេស)៖ ផ្ទាំងទឹកកកអណ្តែតទឹក មានទំហំធំប៉ុនភ្នំមួយ បាននិងកំពុងអណ្តែតបន្តិចម្តងៗ មកជិតនឹងភូមិ អ៊ីនណាអាស៊ូត (Innaarsuit) ជាភូមិតូចមួយស្ថិតនៅភាគខាងលិច នៃឆ្នេរសមុទ្រកោះហ្គ្រីនឡិន (កម្មសិទ្ធិប្រទេសដាណឺម៉ាក ស្ថិតនៅឦសានប្រទេសកាណាដា) បានបណ្តាលឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា អាចមានគ្រោះរលកយក្សស៊ូណាមិកើតឡើង ប្រសិនបើវាបាក់ធ្លាក់ចូលទៅក្នុងទឹក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនាព្រឹកថ្ងៃសៅរ៍ ទី១៤ កក្កដា ឆ្នាំ២០១៨។
តំបន់គ្រោះថ្នាក់មួយជិតទៅនឹងឆ្នេរសមុទ្រ ប្រជាជនត្រូវបានជម្លៀសចេញ ទៅកាន់ទីមានសុវត្ថិភាព។ បើតាមលោកស្រី ស៊ូសានណា អេលៀសសិន (Susanna Eliassen) សមាជិកមួយរូបនៃក្រុមប្រឹក្សាភូមិ Innaarsuit បានឲ្យដឹងថា «យើងមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ, យើងធ្លាប់ជួបប្រទះនូវផ្ទាំងទឹកកកធំៗ ប៉ុន្តែមិនធ្លាប់មានទំហំធំដល់ថ្នាក់នេះនោះទេ»។
បន្ថែមពីខាងលើនេះទៀត រដ្ឋាភិបាល និងកងកម្លាំងប៉ូលិសបានដាក់ការព្រមានកម្រិតខ្ពស់មួយ ហើយឧទ្ធម្ភាគចក្រស្វែងរក និងជួយសង្គ្រោះមួយគ្រឿង បានហោះហើរទៅជិតភូមិដាច់ស្រយាល ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ១៧០នាក់នេះ។
គួររំលឹកថា កាលពីរដូវក្តៅកន្លងទៅ, មានមនុស្ស ០៤នាក់បានស្លាប់ បន្ទាប់ពីរលកធំៗ បានបោកបក់មកលើផ្ទះមួយខ្នង នៅតំបន់ពាយ័ព្យ កោះហ្គ្រីនឡិន ដែលស្ថិតនៅក្បែរប៉ូលខាងជើងផែនដីនេះ (ហ្គ្រីនឡិនជាកោះធំមួយ មានព្រំដែនភាគខាងត្បូងជាប់មហាសមុទ្រអាត្លង់ទិច និងខាងជើងជាប់មហាសមុទ្រទឹកកកអាក់ទិក)៕