(ប៉េកាំង)៖ កងទ័ពអាកាសចិនត្រូវរាយការណ៍ថា នឹងបញ្ជូនកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត យន្តហោះចម្បាំង និងយន្តដឹកជញ្ជូនរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ីនាចុងខែនេះ ដើម្បីចូលរួមសមយុទ្ធយោធាអន្តរជាតិដ៏ធំមួយ ខណៈមហាយក្សនៅអាស៊ីមួយនេះ កំពុងខិតខំលើកកម្ពស់ទំនាក់ទំនងវិស័យយោធា ជាមួយរដ្ឋាភិបាលបរទេស ដោយក្នុងករណីនេះ គឺជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យកងទ័ពអាកាសចិន យន្តហោះទម្លាក់គ្រាប់បែកធុន Xian H-6K ដែលបានហោះល្បាតនៅលើដែនសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់នោះ នឹងទៅចូលរួមក្នុងសមយុទ្ធយោធាអន្តរជាតិ International Army Games នាថ្ងៃទី២៨ ខែកក្កដានេះ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ព្រមទាំងផ្នែកមួយចំនួននៃតំបន់ ខូកាសឹស (Caucasus) ជាលើកដំបូងបង្អស់។ នៅក្នុងសមយុទ្ធនេះ ចិននឹងត្រូវចូលរួមជាមួយរុស្ស៊ី បេឡារុស អាហ្សឺបៃហ្សង់ កាហ្សាក់ស្ថាន អាមេនា និងអ៊ីរ៉ង់។
គួរជម្រាបថា យន្តហោះទម្លាក់គ្រាប់បែកចិន H-6K មានបំពាក់នូវមីស៊ីលប្រដេញ ដែលមានរយៈចម្ងាយវាយប្រហារជិត ១,៦០០គីឡូម៉ែត្រ និងយន្តហោះនេះ មានរយៈចម្ងាយប្រយុទ្ធជាង ៣,២០០គីឡូម៉ែត្រ។ វាត្រូវបានអភិវឌ្ឍន៍ឡើងចេញពីយន្តហោះរបស់រុស្ស៊ី Tu-16 Badger ដែលសូវៀតបានផ្តល់អាជ្ញាប័ណ្ណឲ្យចិនកាលពីឆ្នាំ១៩៥៨៕