(វ៉ាស៊ីនតោន)៖ មន្រ្តីស៊ើបការណ៍សម្ងាត់រុស្ស៊ីចំនួន ១២នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ របស់លោកស្រី ហ៊ីឡារី គ្លីនតុន និងទៅលើគណបក្សប្រជាធិបតេយ្យ ខណៈទង្វើនេះត្រូវបានធ្វើឡើងនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ការចោទប្រកាន់ខាងលើត្រូវបានរៀបចំឡើងដោយរដ្ឋអាជ្ញាពិសេស លោក រ៉ូបឺត មូលើ (Robert Mueller) ជាអតីតនាយកស្ថាប័ន FBI និងបច្ចុប្បន្នជាអ្នកដឹកនាំការស៊ើបអង្កេត ទៅលើរឿងអាស្រូវដែលថា រដ្ឋាភិបាលរុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងទៅលើរឿងថា តើមានសមាជិកណាមួយនៃក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ មានឃុបឃិតជាមួយទីក្រុងម៉ូស្គូដែរ ឬអត់។
គួរជម្រាបថា ថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យអាមេរិក ភ្លាមៗបានអំពាវនាវឲ្យលោក ត្រាំ លុបចោលជំនួបដែលត្រូវបានគ្រោងទុកថា នឹងធ្វើឡើងនាថ្ងៃចន្ទដើមសប្តាហ៍ក្រោយជាបន្ទាន់ ប៉ុន្តែសេតវិមានបានបញ្ជាក់កិច្ចប្រជុំនេះ នឹងត្រូវប្រព្រឹត្តដោយគ្មានការផ្លាស់ប្តូរឡើយ។ ខណៈពេលនេះ លោក ត្រាំ កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯតំបន់អឺរ៉ុប ហើយលោកនឹងត្រូវជួបលោក ពូទីន នៅទីក្រុងហែលស៊ីនគី (Helsinki) ប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដានេះ៕