(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានប្រកាសពីការត្រៀមខ្លួន ដើម្បីដកប្រទេសចេញពីគ្រាអាសន្ន (State of Emergency) ដែលមានរយៈពេលពីរឆ្នាំកន្លងមកនេះវិញ នៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យប្រធានាធិបតី លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) នៅឯសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីអង់ការ៉ា បន្ទាប់ពីការបើកកិច្ចប្រជុំលើកទីមួយនៃគណៈរដ្ឋមន្រ្តីថ្មី។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីតួកគី លោក រេសិបតាយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានស្បថឡើងកាន់តំណែងសម្រាប់អាណត្តិទីពីររបស់លោក ហើយវាក៏ជាការចាប់ផ្តើមនៃសម័យកាលដឹកនាំថ្មី ដែលផ្តល់អំណាចយ៉ាងធំធេងឲ្យប្រធានាធិបតីផងដែរ។
គួរជម្រាបថា តួកគី បានប្រកាស State of Emergency (អាជ្ញាធរទទួលបានសិទ្ធិខុសពីសព្វមួយដង ដើម្បីដោះស្រាយគ្រោះមហន្តរាយ ភាពវឹកវរ និងជម្លោះប្រដាប់អាវុធ) កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្រោយការធ្វើរដ្ឋប្រហារយោធាបរាជ័យ មួយ ដែលបានបណ្តាលឲ្យមនុស្សប្រហែល២៥០នាក់ស្លាប់ និងជាង២,០០០នាក់របួស។ នាពេលកន្លងមក រយៈពេលនៃ State of Emergency នេះ ត្រូវបានពន្យាពេលចំនួន៧លើកមកហើយ ខណៈវាក៏អាចត្រូវប្រកាសឡើងវិញជាថ្មីម្តងទៀតផងដែរ ប្រសិនបើតួកគី ប្រឈមនឹងការគំរាមកំហែងផ្សេងទៀត៕